អ៉ីរ៉ង់តែងតាំងលោក Alireza Arafi បញ្ចូលក្នុង «ក្រុមប្រឹក្សាដឹកនាំរដ្ឋបណ្តោះអាសន្ន» ក្រោយការសម្លាប់មេដឹកនាំកំពូល
(តេហេរ៉ង់)៖ នាថ្ងៃអាទិត្យនេះ អ៉ីរ៉ង់បានសម្រេចតែងតាំងលោក Alireza Arafi ជាសមាជិកអ្នកប្រាជ្ញច្បាប់នៃ «ក្រុមប្រឹក្សាដឹកនាំរដ្ឋបណ្តោះអាសន្ន» ដែលជាស្ថាប័នកំពូលមានភារកិច្ចទទួលខុសត្រូវរាល់តួនាទីរបស់មេដឹកនាំកំពូល រហូតដល់សភាអ្នកជំនាញអាចបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ISNA។
លោក Arafi ដែលជាបព្វជិតសាសនា និងជាសមាជិកក្រុមប្រឹក្សាអាណាព្យាបាលផងនោះ នឹងត្រូវចូលរួមក្នុងក្រុមប្រឹក្សាដឹកនាំបណ្តោះអាសន្ននេះ ដោយឈរជើងរួមគ្នាជាមួយឥស្សរជនកំពូលៗពីររូបទៀត គឺប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian និងប្រធានប្រព័ន្ធតុលាការកំពូល លោក Gholamhossein Mohseni Ejei។
គួរបញ្ជាក់ថា ការតែងតាំងនេះធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសអ៉ីរ៉ង់ ដែលតម្រូវឱ្យមានការបង្កើតក្រុមប្រឹក្សាសមាសភាព៣រូបនេះឡើងជាបន្ទាន់ ដើម្បីក្តោបក្តាប់អំណាចដឹកនាំរដ្ឋរួមគ្នា ក្នុងករណីដែលមេដឹកនាំកំពូលទទួលមរណភាព ឬអសមត្ថភាពក្នុងការបំពេញការងារ៕
