រុស្ស៊ីព្រមានពីការរាំងស្ទះប្រេងពិភពលោកក្រោយការបិទច្រកសមុទ្រ Hormuz ជាបន្ទាន់
ម៉ូស្គូ៖ក្រសួងការបរទេសរុស្ស៊ី នាថ្ងៃអាទិត្យនេះបានចេញសេចក្តីព្រមានថា ការបិទច្រកសមុទ្រ ហ័រមូស (Hormuz) មិនឱ្យនាវាដឹកជញ្ជូនឆ្លងកាត់ នឹងបង្កឱ្យមានអតុល្យភាពយ៉ាងធ្ងន់ធ្ងរនៅលើទីផ្សារប្រេង និងឧស្ម័នពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រេងខ្នាតយក្ស និងពាណិជ្ជករជាច្រើន បានផ្អាកការដឹកជញ្ជូនប្រេងឆៅ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិរាវ (LNG) ឆ្លងកាត់ច្រកសមុទ្រនេះជាបណ្តោះអាសន្ន ក្រោយអ៉ីរ៉ង់ប្រកាសបិទនាវាចរណ៍ទាំងស្រុង ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែល។ ប្រមាណ ២០ភាគរយនៃប្រេងពិភពលោក រួមទាំងការផលិតពីអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អ៉ីរ៉ាក់ គុយវ៉ែត និងអ៉ីរ៉ង់ រួមទាំងឧស្ម័ន LNG ចំនួនច្រើនសន្ធឹកសន្ធាប់ពីប្រទេសកាតា សុទ្ធតែត្រូវដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់មួយនេះ។
គួរបញ្ជាក់ថា ក្រសួងការបរទេសរុស្ស៊ី បានសម្តែងការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំងចំពោះដំណឹងនៃការធ្វើឃាតមេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាលី ខាមេណី ព្រមទាំងសមាជិកគ្រួសារ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។ តាមរយៈសេចក្តីថ្លែងការណ៍ ទីក្រុងមូស្គូបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ «ការធ្វើឃាតនយោបាយ និងការប្រមាញ់មេដឹកនាំនៃរដ្ឋអធិបតេយ្យ» ដោយចាត់ទុកថាជាការបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត៕
