ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកត្រាំបន្តសង្គ្រាមលើអ៉ីរ៉ង់ដោយព្រងើយកន្តើយនឹងការព្រមានពីហានិភ័យនៃការបាត់បង់សំឡេងឆ្នោត

44

វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបន្តប្រតិបត្តិការយោធាប្រឆាំងនឹងអ៉ីរ៉ង់ ទោះបីជាមានការព្រមានជាសម្ងាត់ពីមន្ត្រីជាន់ខ្ពស់សេតវិមានថា ការកើនឡើងកម្តៅសង្គ្រាមនេះ អាចនឹងពិបាកគ្រប់គ្រង និងបង្កហានិភ័យនយោបាយយ៉ាងធ្ងន់ធ្ងរដល់គណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនាខែវិច្ឆិកាខាងមុខក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ទោះបីជាអ្នកគាំទ្រគោលនយោបាយការបរទេសតឹងរ៉ឹងអបអរសាទរចំពោះចំណាត់ការនេះក្តី ប៉ុន្តែមន្ត្រីសេតវិមានបារម្ភថា ការលេងល្បែងសង្គ្រាមនេះនឹងបំផ្លាញឱកាសរបស់បក្សសាធារណរដ្ឋក្នុងការរក្សាអំណាចគ្រប់គ្រងសភា ដ្បិតពលរដ្ឋអាមេរិកកំពុងខ្វាយខ្វល់ពីរឿងសេដ្ឋកិច្ច និងការចំណាយប្រចាំថ្ងៃ ច្រើនជាងជម្លោះនៅក្រៅប្រទេស។

ប្រភពបានទម្លាយថា លោក ត្រាំ ជ្រើសរើសចាត់វិធានការក្តៅនេះ ព្រោះចង់បង្ហាញរូបភាពជាមេដឹកនាំដ៏ខ្លាំងក្លានៅក្នុងស្រុក ទោះបីជាគ្មានការធានាថាអាចទប់ស្កាត់ការរីករាលដាលនៃសង្គ្រាមបានក៏ដោយ។ ជាក់ស្តែង ការស្ទង់មតិរបស់ Reuters/Ipsos បង្ហាញថា ពលរដ្ឋអាមេរិកត្រឹមតែ ១ភាគ៤ ប៉ុណ្ណោះ ដែលគាំទ្រការវាយប្រហារនេះ ខណៈមនុស្សជិតពាក់កណ្តាលយល់ថា លោក ត្រាំ ចូលចិត្តប្រើប្រាស់កម្លាំងយោធាជ្រុលពេក។

គួរបញ្ជាក់ថា ការងាកទៅរកភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឱ្យបរាជ័យនូវយុទ្ធសាស្ត្ររបស់ទីប្រឹក្សាសេតវិមាន ដែលចង់ឱ្យលោក ត្រាំ ផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ច។ លោក ត្រាំ បានព្រមានពលរដ្ឋរួចហើយឱ្យត្រៀមចិត្តទទួលយកការបាត់បង់កងទ័ពបន្ថែមទៀត ក្នុងប្រតិបត្តិការដែលអាចអូសបន្លាយដល់ទៅ ៤ ឬ៥សប្តាហ៍នេះ។ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតសម្រាប់គណបក្សសាធារណរដ្ឋ គឺក្រុមអ្នកគាំទ្រស្នូលនៃចលនា MAGA ដែលតែងតែប្រឆាំងនឹងការធ្វើអន្តរាគមន៍សង្គ្រាមក្រៅប្រទេស អាចនឹងខកចិត្តហើយមិនចេញទៅបោះឆ្នោត ដែលនេះនឹងក្លាយជាឱកាសមាសសម្រាប់គណបក្សប្រជាធិបតេយ្យ ក្នុងការដណ្តើមគ្រប់គ្រងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាអាមេរិកមកវិញ៕

អត្ថបទដែលជាប់ទាក់ទង