ប្រធានាធិតីអាមេរិកត្រាំចង់ឱ្យសហរដ្ឋអាមេរិកចូលរួមក្នុងការជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់
វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខថាសហរដ្ឋអាមេរិកត្រូវតែមានតួនាទីមួយចូលរួមក្នុងការជ្រើសរើស មេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ ដោយលោកចង់យកគំរូតាមវ៉េណេស៊ុយអេឡាជាទីដែលកងកម្លាំងអាមេរិកបានចាប់ខ្លួនប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូកាលពីខែមករា និងទុកឱ្យអនុប្រធានាធិបតី លោកស្រី Delcy Rodriguez ឡើងកាន់តំណែងបន្ត។
នៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា លោក ត្រាំ ក៏បានលើកឡើងដែរថាមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ទំនងជាមិនមែនកូនប្រុសរបស់លោក Ayatollah Ali Khamenei គឺលោក Mojtaba នោះទេ។ លោក Mojtaba ត្រូវបានគេរាយការណ៍ថាជាបេក្ខជនលេចធ្លោរជាងគេម្នាក់ដែលអាចនឹងស្នងតំណែងបន្តពីឪពុកដែលត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ។
ប៉ុន្តែលោក ត្រាំ មិនបានបញ្ជាក់លម្អិតអ្វីនោះទេ ក្រោយនិយាយថាលោក Mojtaba ទំនងជាមិនមែនជម្រើសនោះ។ កន្លងមក លោក ត្រាំ ធ្លាប់បានបង្ហើបដោយប្រយោលថារូបលោកចង់ឱ្យ រជ្ជទាយាទអ៉ីរ៉ង់កំពុងរស់នៅនិរទេសខ្លួនសហរដ្ឋអាមេរិក ព្រះអង្គម្ចាស់ Reza Pahlavi ដឹកនាំអ៉ីរ៉ង់៕
