វៀតណាមពិចារណាលុបចោលការយកពន្ធប្រេងជាបណ្តោះអាសន្នដោយសារផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ា
ហាណូយ៖ប្រទេសវៀតណាម កំពុងពិចារណាលើផែនការលុបចោលការយកពន្ធគយចំពោះប្រេងនាំចូល ស្របពេលដែលសង្រ្គាមរបស់អាមេរិកនិងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ បានជះផលប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងលើពិភពលោក ហើយរុញឱ្យតម្លៃកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០២២មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦។
ក្រសួងហិរញ្ញវត្ថុវៀតណាម កាលពីថ្ងៃអាទិត្យបាននិយាយថា ខ្លួនបានរៀបចំក្រឹត្យមួយ ដែលនឹងទម្លាក់ពន្ធនាំចូលចុះមកកម្រិតសូន្យ លើផលិតផលប្រេងឥន្ធនៈមួយចំនួន ដើម្បីជួយផ្តល់ស្ថិរភាពដល់ទីផ្សារក្នុងស្រុក និងធានាសន្តិសុខថាមពលជាតិ។ ក្រសួងបានបន្តថា ប្រសិនបើជម្លោះនៅតែបន្ត ហើយការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz នៅតែរាំងស្ទះ ទីផ្សារផ្គត់ផ្គង់ប្រេងពិភពលោក អាចជួបបញ្ហាខ្វះខាតធ្ងន់ធ្ងរ ហើយនាំឱ្យតម្លៃប្រេងបន្តហក់ឡើងកាន់តែខ្ពស់ជាសកល។
ចាប់តាំងពីសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាផ្ទុះឡើង កាលពីមួយសប្តាហ៍មុន ដោយសារការវាយប្រហាររបស់អាមេរិកនិងអ៉ីស្រាអែល លើអ៉ីរ៉ង់ តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសវៀតណាមបានកើនឡើងខ្ពស់ ហើយរដ្ឋាភិបាលបានដាក់ចេញចំណាត់ការពិសេស ដើម្បីគ្រប់គ្រងតម្លៃនិងការផ្គត់ផ្គង់នៅក្នុងស្រុក។
គួរបញ្ជាក់ថា បើតាមសំណើរបស់ក្រសួងហិរញ្ញវត្ថុវៀតណាម ក្រឹត្យស្តីពីការលុបពន្ធខាងលើ ដែលតម្រូវឱ្យមានការអនុម័តពីរដ្ឋាភិបាល នឹងមានប្រសិទ្ធភាពដល់ដំណាច់ខែមេសា។ វិបត្តិសង្រ្គាមមជ្ឈិមបូព៌ា នាពេលនេះ បានធ្វើឱ្យតម្លៃប្រេងឆៅហក់ឡើងដល់ជិត ១២០ដុល្លារ ក្នុងមួយបារ៉ែលហើយ ដែលជាកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីការផ្ទុះសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន កាលពីឆ្នាំ២០២២៕
