បេសកជនពិសេសចិនទៅដល់មជ្ឈិមបូព៌ាជាមួយការជំរុញឱ្យគ្រប់ភាគីបន្ធូរបន្ថយភាពតានតឹង
ក្រុងឌូបៃ៖យោងតាមបេសកជនពិសេសទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ា លោក Zhai Jun ចិនទទូចឱ្យគ្រប់ភាគីទាំងអស់ បញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធា ទប់ស្កាត់ការកើនឡើងនូវភាពតានតឹងថែមទៀត និងចៀសវាងធ្វើឱ្យពលរដ្ឋរងគ្រោះ ពីសង្រ្គាមដ៏កក្រើកមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Global Times នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ ២០២៦។
នៅពេលជួបរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan Al Saud នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ លោក Zhai បានលើកឡើងថា ចិនតែងតែជឿជាក់ថា គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ គួរតែត្រូវបានប្រកាន់ខ្ជាប់ ហើយអធិបតេយ្យ សន្តិសុខ និងបូរណភាពទឹកដីនៃប្រទេសឈូងសមុទ្រ មិនគួរត្រូវបានរំលោភបំពានឡើយ រីឯការវាយប្រហារជនស៉ីវិលស្លូតត្រង់ និងគោលដៅមិនមែនយោធា គួរតែត្រូវបានថ្កោលទោស។ លោក Faisal និយាយថា អារ៉ាប៊ីសាអូឌីត ដឹងច្បាស់អំពីហានិភ័យនៃជម្លោះរាលដាល និងបានអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយសង្ឃឹមថា ចិននឹងបន្តដើរតួនាទីក្នុងការលើកកម្ពស់បទឈប់បាញ់ និងបញ្ចប់អរិភាពក្នុងតំបន់។
នាថ្ងៃដដែលនោះ លោក Zhai ក៏បានជួបអគ្គលេខាធិការក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) លោក Jassim Mohammed Al-Budaiwi នៅទីក្រុងរីយាដ Riyadh ផងដែរ។ ក្នុងជំនួបនោះ លោក Zhai និយាយថា ស្ថានភាពក្នុងតំបន់មានភាពស្មុគស្មាញ និងរសើបខ្លាំង ដូច្នេះចិនជំរុញឱ្យភាគីទាំងអស់បញ្ឈប់ការវាយប្រហារគ្នា និងត្រលប់ទៅរកការចរចាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក Al-Budaiwi បានបង្ហាញឆន្ទៈក្នុងការពង្រឹងទំនាក់ទំនង និងសម្របសម្រួលជាមួយចិន ដើម្បីធ្វើឱ្យស្ថានការណ៍ថមថយកម្តៅ៕
