ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកពូទីននិងលោកត្រាំបើកកិច្ចពិភាក្សាពីសង្រ្គាមអ៉ីរ៉ង់និងអ៊ុយក្រែន

20

ក្រុងមូស្គូវិមានក្រឹមឡាំងបានឱ្យដឹងកាលពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានពិភាក្សាអំពី សង្រ្គាមអ៉ីរ៉ង់ និងសង្រ្គាមអ៊ុយក្រែនអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទមួយប្រកបដោយលក្ខណៈស្ថាបនា និងស្មោះត្រង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ 

ទីប្រឹក្សាការទូតរបស់លោក ពូទីន លោក Yuri Ushakov ត្រូវបានស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីដោយនិយាយថាលោក ពូទីន និងលោក ត្រាំ បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទ រយៈពេលមួយម៉ោង ដែលជាកិច្ចសន្ទនាលើកដំបូងបំផុតរបស់មេដឹកនាំទាំង២ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥មក។ លោក Ushakov បានបន្ថែមទៀតថាក្នុងកិច្ចសន្ទនានោះ លោក ពូទីន បានអំពាវនាវឱ្យមានដំណោះស្រាយនយោបាយ និងការទូតជាបន្ទាន់ដើម្បីបិទបញ្ចប់សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តមួយរបស់រុស្ស៉ី។ 

តាមលោក Ushakov ពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែនវិញ លោក ពូទីនបានវាយតម្លៃប្រកបដោយភាពវិជ្ជមានលើកិច្ចប្រឹងប្រែងសម្របសម្រួលរបស់លោក ត្រាំ ដើម្បីស្វែងរកដំណោះស្រាយ បិទបញ្ចប់សង្រ្គាម។ ទីប្រឹក្សារូបនេះបានបន្តថាទីក្រុងវ៉ាស៊ីនតោនចង់បើកកិច្ចពិភាក្សាជាបន្តបន្ទាប់អំពីបញ្ហាសំខាន់ៗដែលមានជាប់ពាក់ព័ន្ធនឹងស្ថានការណ៍អន្តរជាតិបច្ចុប្បន្ន។ «កិច្ចសន្ទនាមាន ភាពប្រាកដប្រជា និងប្រកបដោយលក្ខណៈស្ថាបនា»។ នេះបើតាមលោក Yuri Ushakov។ 

លោក ត្រាំ និងលោក ពូទីន បានបើកកិច្ចប្រជុំកំពូលលើកចុងក្រោយបំផុតក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំមុន៕

អត្ថបទដែលជាប់ទាក់ទង