ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីស្រាអែលប្រកាសថាខ្លួនមិនចង់បាន «សង្គ្រាមមិនចេះចប់» ជាមួយអ៉ីរ៉ង់ទេ

15

ហ្សេរុយសាឡិមរដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Gideon Saar បានថ្លែងកាលពីថ្ងៃអង្គារថា អ៉ីស្រាអែលមិនមានបំណងចង់ឱ្យមានសង្គ្រាមគ្មានទីបញ្ចប់ជាមួយអ៉ីរ៉ង់នោះទេ ហើយនឹងសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ដើម្បីកំណត់ពេលវេលាបញ្ឈប់ការប្រយុទ្ធ។ យ៉ាងណាមិញ លោកបានបដិសេធមិនបញ្ជាក់ពីពេលវេលាជាក់លាក់ណាមួយ ដែលសង្គ្រាមនឹងត្រូវបញ្ចប់ឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងក្នុងសន្និសីទកាសែតជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Saar បានសង្កត់ធ្ងន់ថា «យើងនឹងបន្តវាយប្រហារ រហូតដល់ពេលដែលយើង និងដៃគូយល់ថាវាជាពេលវេលាសមស្របសម្រាប់បញ្ឈប់»។ គោលដៅយុទ្ធសាស្ត្ររបស់អ៉ីស្រាអែល គឺការកម្ចាត់ការគំរាមកំហែងអត្ថិភាពពីអ៉ីរ៉ង់ តាមរយៈការបំផ្លាញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីក ព្រមទាំងការបង្កើតលក្ខខណ្ឌឱ្យប្រជាជនអ៉ីរ៉ង់អាចផ្តួលរំលំរបបដឹកនាំបច្ចុប្បន្ន។ លោកបានរិះគន់មេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ លោក Mojtaba Khamenei ថាជា «ជនជ្រុលនិយម» និងបានអះអាងថា នេះគឺជាឱកាសដ៏សំខាន់សម្រាប់ប្រជាជនអ៉ីរ៉ង់ក្នុងការទាមទារសេរីភាពត្រឡប់មកវិញ។

គួរបញ្ជាក់ថា ជម្លោះអ៉ីស្រាអែល-អាមេរិក និងអ៉ីរ៉ង់ ដែលអូសបន្លាយចូលដល់ថ្ងៃទី១១ បានធ្វើឱ្យតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម។ លោក Johann Wadephul រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ដែលជាមន្ត្រីជាន់ខ្ពស់បរទេសដំបូងគេមកបំពេញទស្សនកិច្ចនៅអ៉ីស្រាអែល បានសម្តែងក្តីសង្ឃឹមថា ទាំងអ៉ីស្រាអែល និងអាមេរិក នៅតែបើកចំហចំពោះដំណោះស្រាយការទូត៕

អត្ថបទដែលជាប់ទាក់ទង