ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីស្រាអែលអះអាងថាបានវាយប្រហារកម្ទេចរោងចក្រនុយក្លេអ៊ែរ Taleghan នៅទីក្រុងតេហេរ៉ង់

27

ហ្សេរុយសាឡិមនាថ្ងៃ១២មីនានេះយោធាអ៉ីស្រាអែលបានប្រកាសថា ខ្លួនបានបើកការវាយប្រហារតាមអាកាសទៅលើទីតាំង Taleghan ក្នុងទីក្រុងតេហេរ៉ង់ ដែលអ៉ីស្រាអែលចាត់ទុកថាជាកន្លែងដែលអ៉ីរ៉ង់កំពុងប្រើប្រាស់ ដើម្បីពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ។

តាមរយៈសេចក្តីថ្លែងការណ៍ យោធាអ៉ីស្រាអែលបានឱ្យដឹងថា ការវាយប្រហារនេះបានកំណត់គោលដៅលើបរិវេណ Taleghan ដែលត្រូវបានប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្រាប់បង្កើតគ្រឿងផ្ទុះកម្រិតខ្ពស់ និងធ្វើការពិសោធន៍ពាក់ព័ន្ធនឹងគម្រោង AMAD ដែលអ៉ីស្រាអែលអះអាងថា ជាកម្មវិធីសម្ងាត់របស់អ៉ីរ៉ង់ក្នុងការបង្កើតអាវុធនុយក្លេអ៊ែរ។ ជាមួយគ្នានេះ យោធាក៏បានបញ្ចេញរូបភាពផ្កាយរណបនៃប្រតិបត្តិការវាយប្រហារនេះផងដែរ ខណៈអ៉ីរ៉ង់តែងតែបដិសេធជានិច្ចថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាព។

គួរបញ្ជាក់ថា ការវាយប្រហារនេះ គឺជាការបន្តពីការវាយប្រហារកាលពីថ្ងៃទី៣ ខែមីនា ដែលកំណត់គោលដៅលើទីតាំង Minzadehei នៅជាយក្រុងតេហេរ៉ង់ ដែលអ៉ីស្រាអែលអះអាងថាជាកន្លែងអភិវឌ្ឍសមាសធាតុសំខាន់ៗសម្រាប់អាវុធនុយក្លេអ៊ែរ។ សកម្មភាពនេះបានកើតឡើងស្របពេលដែលជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា ដែលបង្កឡើងដោយការវាយប្រហាររួមគ្នារវាងអាមេរិក-អ៉ីស្រាអែលលើអ៉ីរ៉ង់ បានឈានចូលដល់ថ្ងៃទី១៣ ហើយ៕

អត្ថបទដែលជាប់ទាក់ទង