ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ីស្រាអែលប្រកាសផែនការធ្វើសង្គ្រាមយ៉ាងហោចណាស់៣សប្តាហ៍ទៀតខណៈបន្តវាយប្រហារអ៊ីរ៉ង់កានតែខ្លាំងក្លា

26

ហ្សេរុយសាឡឹម៖ អ៊ីស្រាអែលបានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនមានផែនការលម្អិតសម្រាប់បន្តធ្វើសង្គ្រាមយ៉ាងហោចណាស់ ៣សប្តាហ៍ទៀត ខណៈយោធារបស់ខ្លួនបានទម្លាក់គ្រាប់បែកលើទីតាំងជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់កាលពីយប់មិញ។ ស្របពេលជាមួយគ្នានេះ ការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់ ក៏បានបិទអាកាសយានដ្ឋានឌូបៃជាបណ្តោះអាសន្ន និងវាយប្រហារកន្លែងប្រេងសំខាន់មួយនៅអេមីរ៉ាតអារ៉ាប់រួម (UAE) ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សង្គ្រាមរបស់អាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ឥឡូវនេះកំពុងឈានចូលសប្តាហ៍ទី៣ ដោយមិនទាន់មានសញ្ញាបញ្ចប់នៅឡើយ។ ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវឆ្លងកាត់សម្រាប់ប្រេង និងឧស្ម័ន ២០ភាគរយ នៃពិភពលោក បានរុញច្រានតម្លៃប្រេងឱ្យឡើងថ្លៃ និងបង្កក្តីបារម្ភអំពីការកើនឡើងនៃអតិផរណាសកល។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យមានក្រុមចម្រុះដើម្បីជួយបើកផ្លូវទឹកដ៏សំខាន់នេះឡើងវិញ និងបានព្រមានអង្គការណាតូថា នឹងជួបអនាគត «អាក្រក់បំផុត» ប្រសិនបើសម្ព័ន្ធមិត្តមិនព្រមជួយទីក្រុងវ៉ាស៊ីនតោន។ ជាការឆ្លើយតប សម្ព័ន្ធមិត្តហាក់មានការប្រុងប្រយ័ត្ន ដោយបង្ហាញការគាំទ្រចំពោះតែកិច្ចខិតខំប្រឹងប្រែងការទូត និងចៀសវាងសកម្មភាពយោធា។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកវរសេនីយ៍ទោ ណាដាវ សូសានី (Nadav Shoshani) បានបញ្ជាក់ថា គោលបំណងរបស់អ៊ីស្រាអែលគឺចង់ធ្វើឱ្យរបបនេះចុះខ្សោយ និងបំផ្លាញសមត្ថភាពយោធារបស់ពួកគេ រួមទាំងហេដ្ឋារចនាសម្ព័ន្ធមីស៊ីលផ្លោង កន្លែងនុយក្លេអ៊ែរ និងបរិក្ខារសន្តិសុខផ្សេងៗ។ លោកបានសង្កត់ធ្ងន់ថា យោធានៅមានគោលដៅរាប់ពាន់ទៀតនៅខាងក្នុងប្រទេសអ៊ីរ៉ង់។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាក់ឈី (Abbas Araqchi) បានបញ្ជាក់តាមរយៈបណ្តាញព័ត៌មានក្នុងស្រុកថា ទីក្រុងតេហេរ៉ង់មិនបានស្នើសុំបទឈប់បាញ់ ឬផ្លាស់ប្តូរសារជាមួយសហរដ្ឋអាមេរិកនោះទេ៕

អត្ថបទដែលជាប់ទាក់ទង