ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីបារាំងថានឹងមិនចូលរួមក្នុងប្រតិបត្តិការបើកច្រកសមុទ្រ Hormuz ទេក្រោយលោកត្រាំថាបារាំងនឹងចូលរួម

28

ប៉ារីសប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ បាននិយាយថាបារាំងនឹងមិនចូលរួមក្នុងប្រតិបត្តិការដើម្បីបើក ច្រកសមុទ្រ Hormuz ឡើងវិញនោះទេ ជាការច្រានចោលការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថាទីក្រុងប៉ារីសមានឆន្ទៈចង់ជួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

លោក ត្រាំ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបាននិយាយនៅឯសេតវិមានថា លោកបានជជែកជាមួយលោក ម៉ាក្រុង ហើយបានផ្ដល់ពិន្ទុ ៨លើ១០ សម្រាប់ជំហររបស់មេដឹកនាំបារាំងចំពោះការបើកច្រកសមុទ្រ Hormuz ដោយសន្មត់ថាលោក ម៉ាក្រុងនឹងចូលរួមក្នុងកិច្ចប្រឹងប្រែងគាំទ្រដោយសហរដ្ឋអាមេរិក។ 

ថ្លែងនៅពេលចាប់ផ្ដើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបារាំងដើម្បីពិភាក្សាអំពីជម្លោះនៅមជ្ឈិមបូព៌ា លោក ម៉ាក្រុង បានកត់សម្គាល់ថា «យើងមិនមែនភាគីជម្លោះនោះទេ ដូច្នេះបារាំងនឹងមិនចូលរួមក្នុងប្រតិបត្តិការដើម្បីបើក ឬរំដោះច្រកសមុទ្រ Hormuz ឡើងវិញនោះទេក្នុងបរិបទបច្ចុប្បន្ន»។ 

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីបារាំង ទីក្រុងប៉ារីសបាន និងកំពុងជំរុញកិច្ចប្រឹងប្រែងដើម្បីបង្កើតក្រុមចម្រុះមួយដើម្បីធានាសុវត្ថិភាពក្នុងតំបន់ច្រកសមុទ្រ Hormuz នៅពេលដែលស្ថានការណ៍មានស្ថិរភាព ដោយមិនមានតួនាទីរបស់សហរដ្ឋអាមេរិកឡើយ៕

អត្ថបទដែលជាប់ទាក់ទង