លោកដូណាល់ត្រាំថានឹងទៅជួបលោកស៉ីជីនពីងនៅចិនក្នុងរយៈពេល៥ឬ៦សប្តាហ៍ទៀតក្រោយពន្យារពេល
វ៉ាស៉ីនតោន៖កាលពីថ្ងៃអង្គារ ទី១៧ ខែមីនា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោករំពឹងថា នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងរយៈពេល ៥ឬ៦សប្តាហ៍ទៀត បន្ទាប់ពីបានពន្យារពេលគម្រោងទស្សនកិច្ច ដែលគ្រោងធ្វើឡើង នៅចុងខែនេះ ដោយសារតែសង្រ្គាមជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ លោក ត្រាំ បានរួមដៃជាមួយអ៉ីស្រាអែល បំផ្ទុះសង្រ្គាមប្រឆាំងអ៉ីរ៉ង់ បើទោះបីជាកន្លងមក រូបលោកផ្ទាល់ ធ្លាប់ រិះគន់ការធ្វើអន្តរាគមន៍យោធារបស់អាមេរិក នៅតំបន់មជ្ឈិមបូព៌ាក៏ដោយ។ ដំបូងឡើយ លោក ត្រាំ បានលើកឡើងថា គម្រោងទស្សនកិច្ច ដែលត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា នឹងអាស្រ័យលើសំណួរថា តើចិនព្រមជួយ ទីក្រុងវ៉ាស៉ីនតោន បើកច្រកសមុទ្រ Hormuz ដែលជាប់គាំងដោយសារសង្រ្គាមមជ្ឈិមបូព៌ាឬអត់។
ប៉ុន្តែកាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ក្រសួងបានកត់សម្គាល់ឃើញថា ភាគីអាមេរិក បានធ្វើការបកស្រាយភាពយល់ច្រឡំ ដោយលោក Lin បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក ត្រាំ មិនមានពាក់ព័ន្ធអ្វីជាមួយបញ្ហាបើកច្រកសមុទ្រ Hormuz នោះទេ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានលើកសរសើរម្តងហើយម្តងទៀត ចំពោះការចរចាពាណិជ្ជកម្មរបស់លោកជាមួយប្រទេសចិន ដោយនិយាយថា ទំនាក់ទំនងប្រសើរឡើងនឹងគ្នា អាចផ្តល់អត្ថប្រយោជន៍ដល់សហរដ្ឋអាមេរិក។ វាផ្ទុយពីជំហររបស់លោក កាលពីមុនពេលត្រឡប់មកកាន់អំណាចជាថ្មី ដែលរូបលោកបានចាត់ទុកចិន ជាគូបដិបក្ខដ៏ធំមួយរបស់អាមេរិក ហើយបានប្តេជ្ញាផ្តោតលើការទប់ទល់ជាមួយមហាយក្សអាស៉ីមួយនេះ៕
