សហរដ្ឋអាមេរិកពិចារណាលើការបញ្ជូនកងទ័ពបន្ថែមខណៈសង្រ្គាមអ៉ីរ៉ង់ត្រៀមចូលដំណាក់កាលថ្មី
វ៉ាស៊ីនតោន៖រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាលើជម្រើសបញ្ជូនកងទ័ពបន្ថែមរាប់ពាន់នាក់ ដើម្បីពង្រឹងប្រតិបត្តិការយោធារបស់ខ្លួន ក្នុងតំបន់មជ្ឈិមបូព៌ា ខណៈយោធាអាមេរិកកំពុងត្រៀមលក្ខណៈសម្រាប់ដំណាក់កាលបន្ទាប់នៅក្នុងសង្រ្គាមប្រឆាំងអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦។
ការដាក់ពង្រាយកងទ័ពបន្ថែមអាចនឹងផ្ដល់ជម្រើសបន្ថែមឱ្យលោក ត្រាំ ខណៈរូបលោកកំពុងពិចារណាលើការពង្រីកប្រតិបត្តិការយោធាក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ដែលចូលដល់ សប្ដាហ៍ទី៣។ ដោយផ្អែកលើប្រភពចំនួន៤ដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក្នុងនោះរួមមានទាំងមន្ត្រីអាមេរិក២នាក់ Reuters បានឱ្យដឹងថាជម្រើស បន្ថែមទាំងនោះរួមមានការគ្រប់គ្រងសុវត្ថិភាពផ្លូវឆ្លងកាត់សម្រាប់កប៉ាល់ដឹកប្រេងកាត់តាមច្រក Hormuz ជាបេសកកម្មមួយដែលនឹងត្រូវធ្វើឡើងដោយមានការគាំទ្រ ជាចម្បងពីកងទ័ពអាកាស និងជើងទឹក។ ប៉ុន្តែដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz វាក៏អាចនឹងតម្រូវឱ្យសហរដ្ឋអាមេរិកបញ្ជូនកងទ័ពថ្មើរជើងឡើងលើឆ្នេររបស់អ៉ីរ៉ង់ ផងដែរ។
ប្រភពពីមន្ត្រីអាមេរិកបានប្រាប់ Reuters ថារដ្ឋបាលលោក ត្រាំ ក៏បានពិភាក្សាផងដែរលើជម្រើសបញ្ជូនកងទ័ពថ្មើរជើងចូលទៅកាន់កោះ Kharg របស់អ៉ីរ៉ង់ជាទីដែល ៩០ភាគរយនៃប្រេងត្រូវនាំចេញ និងជាដង្ហើមសេដ្ឋកិច្ចរបស់អ៉ីរ៉ង់។ តែព្រមពេលជាមួយគ្នា មន្ត្រីអាមេរិកម្នាក់បាននិយាយថាប្រតិបត្តិការបែបនេះនឹងប្រឈមនឹងហានិភ័យខ្ពស់ ក៏ព្រោះតែអ៉ីរ៉ង់នៅតែមានសមត្ថភាពបាញ់មីស៊ីល និងដ្រូន។ សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៣ ខែមីនា បានវាយប្រហារលើទីតាំងយោធានៅលើកោះ Kharg ហើយលោក ត្រាំ ថែមទាំងបានគំរាមទៀតផងថាក៏អាចនឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងផងដែរ។ ទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញយោធាយល់ថាដោយសារតែកោះនេះមាន សារៈសំខាន់ចំពោះសេដ្ឋកិច្ចអ៉ីរ៉ង់ ការគ្រប់គ្រងកោះ Kharg គឺជាជម្រើសល្អប្រសើរជាងការបំផ្លិចបំផ្លាញ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ការប្រើប្រាស់កម្លាំងថ្មើរជើង ទោះបីជាក្នុងលក្ខខណ្ឌនៃប្រតិបត្តិការទ្រង់ទ្រាយតូចក៏ដោយ ក៏វានៅតែអាចបង្កគ្រោះថ្នាក់នយោបាយដ៏ធំ ចំពោះលោក ត្រាំ ក្នុងបរិបទដែលប្រជាជនអាមេរិកភាគច្រើនមិនគាំទ្រការធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ហើយម្យ៉ាងលោក ត្រាំក៏ធ្លាប់បានសន្យាដែរថានឹងមិននាំសហរដ្ឋអាមេរិកឱ្យជាប់ ផុងក្នុងសង្រ្គាមរុំារ៉ៃនៅក្នុងតំបន់មជ្ឈិមបូព៌ាសាជាថ្មីនោះទេ។ លើសពីនេះ ក្រុមមន្ត្រីរដ្ឋបាលលោក ត្រាំ ក៏កំពុងពិភាក្សាដែរពីជម្រើសបញ្ជូនកងទ័ពថ្មើរជើងចូលទៅរឹបអូស សារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់រួចក្នុងកម្រិតខ្ពស់របស់អ៉ីរ៉ង់៕
