ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទាហានអាមេរិក១២នាក់រងរបួសនិងយន្តហោះប៉ុន្មានគ្រឿងរងការខូចខាតក្រោយអ៉ីរ៉ង់វាយប្រហារចំមូលដ្ឋានយោធានៅអារ៉ាប៊ីសាអូឌីត

136

វ៉ាស៉ីនតោននាថ្ងៃសុក្រ ទី២៧ ខែមីនា ប្រព័ ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា ការវាយប្រហាររបស់អ៉ីរ៉ង់លើំមូលដ្ឋានយោធាមួយកន្លែង នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានបណ្តាលឱ្យទាហានអាមេរិកយ៉ាងហោច ១២នាក់រងរបួស ក្នុងនោះ២នាក់របួសធ្ងន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កាសែតអាមេរិក New York Times និង Wall Street Journal បានរាយកាណ៍ថា ការវាយប្រហាររបស់អ៉ីរ៉ង់ លើមូលដ្ឋានទ័ពអាកាស Prince Sultan របស់អារ៉ាប៊ីសាអូឌីត រួមមានការប្រើប្រាស់មីស៉ីលយ៉ាងហោច១គ្រាប់ និងដ្រូនប៉ុន្មានគ្រឿង ហើយក្រៅពីទាហានរងរបួស យន្តហោះចាក់ប្រេងលើអាកាសប៉ុន្មានគ្រឿង ក៏បានរងការខូចខាតផងដែរ។ 

សរុបមកទល់ពេលនេះ ទាហានអាមេរិកសរុប១៣នាក់ហើយ បានស្លាប់ គិតចាប់តាំងពីជម្លោះផ្ទុះឡើងនៅមជ្ឈិមបូព៌ា ក្នុងនោះ៧នាក់ នៅក្នុងប្រទេសឈូងសមុទ្រអារ៉ាប់ និង៦នាក់នៅអ៉ីរ៉ាក់ ហើយជាង៣០០នាក់ផ្សេងទៀត បានរងរបួស។

គួរបញ្ជាក់ថា អ៉ីរ៉ង់បានបន្តការវាយប្រហារសងសឹករបស់ខ្លួន ទៅលើក្រុមរដ្ឋឈូងសមុទ្រ ដែលត្រូវបានចោទថា បម្រើជាកន្លែងសម្រាប់ឱ្យអាមេរិកវាយប្រហារលើអ៉ីរ៉ង់។ សង្រ្គាមនេះបានចាប់ផ្តើម កាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលអាមេរិករួមដៃជាមួយអ៉ីស្រាអែល បើកការវាយប្រហារតាមផ្លូវអាកាសលើប្រទេសអ៉ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង