នាវាយក្សរបស់ប្រទេសកូវ៉ែតដឹកប្រេងចេញពីទីក្រុងឌូបៃរងការវាយប្រហារពីអ៉ីរ៉ង់បណ្តាលឱ្យឆាបឆេះនាវា
ឌូបៃ៖កាលពីថ្ងៃចន្ទសប្តាហ៍នេះ អ៉ីរ៉ង់បានវាយប្រហារ បណ្តាលឱ្យឆាបឆេះនាវាផ្ទុកប្រេងឆៅពេញមួយគ្រឿង ដែលត្រូវដឹកជញ្ជូនប្រេងចេញពីទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ស្របពេលប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានថាអាមេរិកនឹងកម្ទេចរោងចក្រថាមពល និងអណ្តូងប្រេងអ៉ីរ៉ង់ ប្រសិនបើអ៉ីរ៉ង់មិនបើកច្រកសមុទ្រ Hormuz ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦។
ការវាយប្រហារនាវា Al-Salmi ដែលមានទង់ជាតិកូវ៉ែត គឺជាការវាយប្រហាថ្មីទៅលើនាវាពាណិជ្ជកម្ម និងជាការវាយប្រហារតាមអាកាសលើប្រទេសឈូងសមុទ្រ ក៏ដូចជាច្រកសមុទ្រ Hormuz ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបំផ្ទុះសង្រ្គាមជាមួយអ៉ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។
នាវានោះអាច ផ្ទុក ប្រេង បាន ប្រហែល ២លាន បារ៉ែល ដែល មាន តម្លៃ ជាង ២០០លានដុល្លារ ។ ក្រុមហ៊ុន Kuwait Petroleum Corp ដែលជាម្ចាស់កប៉ាល់ បានឱ្យដឹងថាមានការខូចខាតដល់តួនាវា។ អាជ្ញាធរទីក្រុងឌូបៃនិយាយថា វាជាការវាយប្រហារដោយដ្រូន ហើយគ្មាន សេចក្តីរាយការណ៍អំពីអ្នក រង របួស នោះទេ។
គួរបញ្ជាក់ថា សង្រ្គាមជាង ១ខែមកនេះ បានរីករាលដាលពាសពេញមជ្ឈិមបូព៌ា សម្លាប់មនុស្សរាប់ពាន់នាក់ រំខានដល់ការផ្គត់ផ្គង់ថាមពល និងមានហានិភ័យធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលទៅក្នុងវិបត្តិ៕
