ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានចារកម្មឆ្មាំបដិវត្តន៍អ៉ីរ៉ង់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសខណៈអ៉ីស្រាអែលប្តេជ្ញាបន្តតាមកម្ចាត់ចោលម្តងមួយៗ

115

តេហេរ៉ង់៖កងកម្លាំងឆ្មាំបដិវត្តន៍នៃប្រទេសអ៉ីរ៉ង់ IRGC បានប្រកាសថា នាថ្ងៃចន្ទនេះ ការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក និងអ៉ីស្រាអែល បានសម្លាប់ប្រមុខចារកម្មប្រចាំកងកម្លាំងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦។

ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានប្រកាសនៅលើបណ្តាញ Telegram អំពីដំណឹងការស្លាប់របស់លោកឧត្តមសេនីយ៍ Majid Khademi ដែលជាប្រធានអង្គភាពចារកម្មរបស់ IRGC។ លោកត្រូវបានសម្លាប់ កាលពីវេលាព្រឹកថ្ងៃចន្ទនេះ។ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz ក៏បានទទួលស្គាល់ដែរថា លោក Khademi ត្រូវបានសម្លាប់ ក្នុងការវាយប្រហារលើរដ្ឋធានីតេហេរ៉ង់។ លោក Katz បានលើកឡើងថា បណ្តាថ្នាក់ដឹកនាំអ៉ីរ៉ង់កំពុងរស់នៅក្រោមការភ័យខ្លាច ហើយអ៉ីស្រាអែលនឹងបន្តតាមបាញ់ពួកគេម្តងមួយៗ។

គួរបញ្ជាក់ថា ចាប់តាំងថ្ងៃដំបូងនៃសង្រ្គាម គឺថ្ងៃទី២៨ ខែកុម្ភៈ ថ្នាក់ដឹកនាំរបស់អ៉ីរ៉ង់ ត្រូវបានសម្លាប់ជាបន្តបន្ទាប់ ក្រោមការវាយប្រហារ តាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល ក្នុងនោះរួមមានទាំងមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ លោក Ali Larijani មេបញ្ជាការ IRGC លោក Mohammad Pakpour និងរដ្ឋមន្រ្តីការពារជាតិ លោក Aziz Nasirzadeh៕

អត្ថបទដែលជាប់ទាក់ទង