ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ីរ៉ង់ចាប់ឃាត់នាវា២គ្រឿងនៅច្រកសមុទ្រហ័រមូស , អ៉ីរ៉ង់បាញ់កប៉ាល់ដឹកកុងតឺន័រនៅតំបន់សមុទ្រអូម៉ង់ក្រោយលោកដូណាល់ត្រាំប្រកាសផ្អាកការវាយប្រហារដោយមិនកំណត់

147

អ៊ីស្លាម៉ាបាដកងកម្លាំងអ៊ីរ៉ង់បានចាប់ឃាត់នាវាចំនួន ២គ្រឿងនៅក្នុងច្រកសមុទ្រហ័រមូសនាថ្ងៃពុធនេះ ដើម្បីពង្រឹងការគ្រប់គ្រងលើផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកការវាយប្រហារលើអ៊ីរ៉ង់ដោយមិនកំណត់ពេលវេលា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានចាប់ឃាត់នាវាទាំងនោះក្រោមបទចោទ «រំលោភច្បាប់នាវាចរណ៍» ដែលនេះជាករណីដំបូងបង្អស់ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅចុងខែកុម្ភៈមក។ ការចាប់ឃាត់នេះធ្វើឡើងភ្លាមៗ ក្រោយលោក ត្រាំ បានប្រកាសតាមបណ្តាញសង្គមថា លោកយល់ព្រមតាមការស្នើសុំរបស់មន្ត្រីសម្របសម្រួលប៉ាគីស្ថានក្នុងការផ្អាកការវាយប្រហារ ដើម្បីទុកពេលឱ្យមេដឹកនាំអ៊ីរ៉ង់រៀបចំសំណើសម្រាប់កិច្ចចរចាសន្តិភាព។

ទោះជាយ៉ាងណា លោក ត្រាំ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងនៅតែបន្តវិធានការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់តាមផ្លូវសមុទ្រដដែល ដែលសកម្មភាពនេះត្រូវបានទីក្រុងតេអេរ៉ង់ចាត់ទុកថាជា «សកម្មភាពសង្គ្រាម»។ ភាគីអ៊ីរ៉ង់បានបញ្ជាក់ជំហរថានឹងមិនបើកច្រកសមុទ្រហ័រមូសឡើងវិញឡើយ ដរាបណាអាមេរិកនៅតែបន្តការបិទខ្ទប់ ខណៈដែលវិវាទរវាងប្រទេសទាំងពីរ កំពុងរុញច្រានពិភពលោកឱ្យធ្លាក់ចូលក្នុងវិបត្តិថាមពលយ៉ាងធ្ងន់ធ្ងរ។

ទូកកាំភ្លើងរបស់អ៉ីរ៉ង់ បាញ់កប៉ាល់ដឹកកុងតឺន័រ នៅតំបន់សមុទ្រអូម៉ង់ ។

ម៉ាស្កាត់៖ទីភ្នាក់ងារសន្តិសុខដែនសមុទ្រអង់គ្លេស (UKMTO) បានឱ្យដឹងថា ទូកកាំភ្លើងអ៉ីរ៉ង់មួយគ្រឿង បានបាញ់កប៉ាល់ដឹកកុងតឺន័រ នៅតំបន់ឆ្នេរសមុទ្រអូម៉ង់ នាថ្ងៃពុធ ទី២២ ខែមេសានេះ បណ្តាលឱ្យរងការខូចខាត ប៉ុន្តែគ្មានអ្នករងរបួសទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

UKMTO បានបញ្ជាក់ថា អ្នកមើលការខុសត្រូវកប៉ាល់កុងតឺន័រនោះ បានរាយការណ៍ថា កប៉ាល់ត្រូវបានទូកកាំភ្លើងរបស់ឆ្មាំបដិវត្តន៍ IRGC ចូលមកជិត បន្ទាប់មកបានបាញ់ ដែលបណ្តាលឱ្យខូចខាតបន្ទប់បញ្ជារបស់កប៉ាល់ យ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែគ្មានអគ្គីភ័យ ឬប៉ះពាល់ដល់បរិស្ថាននោះទេ។ ឧប្បហេតុនេះ កើតឡើងនៅចម្ងាយជាង ២៧គីឡូម៉ែត្រ ពីភាគឦសាននៃប្រទេសអូម៉ង់ ហើយនាវិកទាំងអស់មានសុវត្ថិភាព។

បើតាមក្រុមហ៊ុនសន្តិសុខដែនសមុទ្រ Vanguard Tech របស់អង់គ្លេស កប៉ាល់នេះបើកបរក្រោមទង់ជាតិលីបេរីយ៉ា ហើយត្រូវបានគេជូនដំណឹងថា អាចឆ្លងកាត់ច្រកសមុទ្រ Hormuz បាន។ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Tasnim រាយការណ៍ថា កប៉ាល់នោះ មិនអើពើនឹងការព្រមានពីកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង