មេដឹកនាំកោះតៃវ៉ាន់ ប្តេជ្ញាថាកោះតៃវ៉ាន់នឹងមិនក្លាយជាកូនអុកឱ្យគេពលីឬដោះដូរដាច់ខាត
តៃប៉ិ៖កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានបង្ហោះសារថា តៃវ៉ាន់នឹងមិនក្លាយជាកូនអុកឱ្យគេពលីឬដោះដូរឡើយ ហើយនឹងមិនបោះបង់ចោលសេរីភាពនៃការរស់នៅរបស់ខ្លួន ក្រោមសម្ពាធដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការអត្ថាធិប្បាយរបស់លោក Lai គឺជាការឆ្លើយតបដោយផ្ទាល់លើកដំបូងរបស់លោក ចំពោះកិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុន នៅឯទីក្រុងប៉េកាំង រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង ដែលបានធ្វើឱ្យកើនឡើងក្តីបារម្ភនៅតៃវ៉ាន់ ស្តីពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះដែនកោះនេះ។
ក្រោយជួបលោក ស៉ី លោក ត្រាំ បានអះអាងថា រូបលោកមិនបានផ្តល់ការប្តេជ្ញាណាមួយនោះទេ ចំពោះលោកប្រធានាធិបតីចិន ពាក់ព័ន្ធនឹង តៃវ៉ាន់ ប៉ុន្តែបានបន្ថែមថា រូបលោកកំពុងពិចារណានៅឡើយ ថាតើគួរផ្តល់ការយល់ព្រមចំពោះកញ្ចប់លក់សព្វាវុធថ្មីសម្រាប់តៃវ៉ាន់ដែរឬយ៉ាងណា ហើយលោក ត្រាំ បានបន្តថា ទីក្រុងវ៉ាស៉ីនតោនមិនចង់ឱ្យមាននរណាម្នាក់ស្រាប់តែនិយាយថា តោះពួកយើងប្រកាសឯករាជ្យ ដោយសារ យើងមានអាមេរិកគាំទ្រនោះទេ។
លោក Lai Ching-te បាននិយាយថា តៃវ៉ាន់នឹងមិនដុតបញ្ឆេះឬបង្កើនជម្លោះឡើយ ប៉ុន្តែនឹងមិនបោះបង់ចោលអធិបតេយ្យ ក៏ដូចជាសេក្តីថ្លៃថ្នូរ ឬមួយក៏ការរស់នៅដោយសេរី និងប្រជាធិបតេយ្យរបស់ខ្លួនឡើយ ហើយលោកបានអះអាងថា ចិនគឺជាប្រភព នៃបញ្ហាអស្ថិរភាពក្នុងតំបន់។ លោក Lai បានបន្តថា តៃវ៉ាន់នឹងមិនក្លាយជារបស់ឱ្យគេពលីឬដោះដូរដាច់ខាត។
ជាចុងក្រោយ មេដឹកនាំតៃវ៉ាន់រូបនេះ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសន្តិសុខរយៈពេលវែង និងការលក់សព្វាវុធ រវាងតៃវ៉ាន់និងអាមេរិក គឺជាផ្អែកលើច្បាប់របស់អាមេរិក តាំងពីឆ្នាំ១៩៧៩ ដែលតម្រូវឱ្យទីក្រុងវ៉ាស៉ីនតោន ផ្តល់មធ្យោបាយការពារជាតិ ដល់ដែនកោះនេះ។ លោក Lai បានសង្កត់ធ្ងន់ថា វាមិនត្រឹមជាការប្តេជ្ញាការពារសន្តិសុខរបស់អាមេរិក ចំពោះតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងទប់ស្កាត់ដ៏សំខាន់បំផុតមួយផងដែ រអស់រយៈពេលជាច្រើនឆ្នាំមកនេះ ប្រឆាំងសកម្មភាពដែលបំផ្លិចបំផ្លាញសុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់។
គួរបញ្ជាក់ថា ស្របពេលដែលរដ្ឋបាលលោក ត្រាំ កាលពីខែធ្នូ ចុងឆ្នាំ២០២៥ បានអនុម័តកញ្ចប់លក់សព្វាវុធរហូតដល់ ១១ពាន់លានដុល្លារ ដែលជាទំហំធំបំផុតសម្រាប់តៃវ៉ាន់ ។ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា កញ្ចប់សព្វាវុធទី២ មានតម្លៃដល់ទៅ ១៤ពាន់លានដុល្លារ កំពុងបន្តរង់ចាំការផ្តល់ភ្លើងបៃតងពីរូបលោក នៅឡើយ៕
