ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ីរ៉ង់ព្រមានពង្រីកសង្គ្រាម «ហួសពីតំបន់មជ្ឈិមបូព៌ា» ប្រសិនបើអាមេរិកបើកការវាយប្រហារសាជាថ្មី

122

តេហេរ៉ង់ប្រទេសអ៊ីរ៉ង់នៅថ្ងៃពុធនេះ បានគំរាមថានឹងពង្រីកសង្គ្រាមឱ្យរាលដាលហួសពីតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាមេរិកហ៊ានបើកការវាយប្រហារសាជាថ្មី។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាលោកស្ទើរតែនឹងបញ្ជាឱ្យចាប់ផ្តើមយុទ្ធនាការយោធាឡើងវិញទៅហើយ មុនពេលសម្រេចចិត្តផ្អាកនៅនាទីចុងក្រោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

៦សប្តាហ៍មកហើយ បន្ទាប់ពីលោក ត្រាំ បានប្រកាសផ្អាកប្រតិបត្តិការយោធា (Epic Fury) ដើម្បីបើកផ្លូវសម្រាប់បទឈប់បាញ់ ប៉ុន្តែកិច្ចចរចាសន្តិភាពនៅតែបន្តជាប់គាំង។ ក្នុងសប្តាហ៍នេះ អ៊ីរ៉ង់បានបញ្ជូនសំណើថ្មីទៅកាន់អាមេរិក ប៉ុន្តែខ្លឹមសារនៃសំណើនោះនៅតែជាអ្វីដែលលោក ត្រាំ ធ្លាប់បានច្រានចោល រួមមាន ការទាមទារសិទ្ធិគ្រប់គ្រងច្រកសមុទ្រហ័រមូស ការទាមទារសំណងសង្គ្រាម ការដកទណ្ឌកម្ម ការបញ្ចេញទ្រព្យសម្បត្តិដែលត្រឹមបង្កក និងការដកកងទ័ពអាមេរិកចេញពីតំបន់។

ឆ្លើយតបនឹងភាពជាប់គាំងនេះ លោក ត្រាំ បានព្រមានជាសាធារណៈកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារថា លោកស្ទើរតែសម្រេចចិត្តទម្លាក់គ្រាប់បែកសាជាថ្មីទៅហើយ ប៉ុន្តែបានប្តូរចិត្តនៅម៉ោងចុងក្រោយ ដើម្បីទុកពេលបន្ថែមសម្រាប់ការទូត។ ជាការព្រមានតបវិញ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា៖ «ប្រសិនបើមានការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ម្តងទៀត សង្គ្រាមក្នុងតំបន់ដែលបានសន្យានេះ នឹងពង្រីកវិសាលភាពហួសពីតំបន់មជ្ឈិមបូព៌ាជាមិនខាន»។ កន្លងមក អ៊ីរ៉ង់តែងតែគំរាមវាយប្រហារលើបណ្តាប្រទេសក្នុងតំបន់ដែលអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពអាមេរិក ប៉ុន្តែលើកនេះអ៊ីរ៉ង់បានបង្ហាញចេតនាវាយប្រហារគោលដៅនៅឆ្ងាយៗជាងនេះទៅទៀត។

ជុំវិញកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថានបានធ្វើដំណើរទៅដល់ទីក្រុងតេហេរ៉ង់ហើយ ខណៈដែលប៉ាគីស្ថានគឺជាប្រទេសតែមួយគត់ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាសន្តិភាព និងកំពុងដើរតួជាអ្នកនាំសារយ៉ាងសំខាន់រវាងភាគីសត្រូវទាំងពីរនេះ៕

អត្ថបទដែលជាប់ទាក់ទង