ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់បាញ់ព្រមានកប៉ាល់៤គ្រឿងដែលព្យាយាមបើកឆ្លងច្រកសមុទ្រ Hormuz

146

តេហេរ៉ង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ IRIB បានរាយការណ៍ថា នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ កងកម្លាំងរបស់អ៉ីរ៉ង់ បានបាញ់ព្រមានកប៉ាល់៤គ្រឿង ដែលប៉ុនប៉ងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងថ្ងៃតែមួយ ដែលទីក្រុងវ៉ាស៉ីនតោន បានបើកការវាយប្រហារថ្មីទៀត លើភាគខាងត្បូងប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

IRIB បានរាយការណ៍ថា កប៉ាល់៤គ្រឿងបានព្យាយាមឆ្លងច្រកសមុទ្រ Hormuz ដើម្បីចូលទៅឈូងសមុទ្រពែរ្ស ដោយមិនមាន ការសម្របសម្រួលសហការជាមួយកងកម្លាំងសន្តិសុខអ៉ីរ៉ង់។ IRIB បានបន្ថែមថា កប៉ាល់ទាំងនោះត្រូវបានព្រមាន ហើយបន្ទាប់ពី ព្រមាននៅតែមិនស្តាប់ កងកម្លាំងអ៉ីរ៉ង់បានសម្រេចចិត្តបាញ់គំរាម ដើម្បីបង្ខំឱ្យពួកគេត្រឡប់ទៅក្រោយវិញ។ យ៉ាងណាមិញ ពុំមានការបញ្ជាក់លម្អិតពីព័ត៌មាននៃកប៉ាល់ទាំងនោះទេ។

គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz ដែលជាច្រកផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយ ទទួលបន្ទុកចរាចរណ៍ដឹកបញ្ជូនប្រេង និងឧស្ម័នប្រហែល ២០ភាគរយរបស់ពិភពលោក ត្រូវបានអ៉ីរ៉ង់បិទខ្ទប់សឹងទាំងស្រុង ឆ្លើយតបការបង្កសង្រ្គាមពីសំណាក់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល កាលពីចុងខែកុម្ភៈ។ បញ្ហានៃការគ្រប់គ្រងច្រកសមុទ្រនេះ គឺជាបញ្ហាខ្ទាស់ចម្បងមួយ ក្នុងកិច្ចចរចាបញ្ចប់សង្រ្គាម រវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៉ីនតោន៕

អត្ថបទដែលជាប់ទាក់ទង