រដ្ឋមន្ត្រីការបរទេសចិន អំពាវនាវឱ្យប្រទេសនានារួមគ្នាប្រឆាំងសកម្មភាពឯកតោភាគីទាំងឡាយណា ដែលរំលងក្រុមប្រឹក្សាសន្តិសុខ UN
សហរដ្ឋអាមេរិក៖កាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យរួមគ្នាបដិសេធរាល់សកម្មភាពឯកតោភាគីទាំងឡាយណា ដែលមានបំណងរំលង ឬវាងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ជាមួយគ្នានេះដែរ លោកក៏បានជំរុញឱ្យសហគមន៍អន្តរជាតិ បង្កើនសំឡេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់ប្រទេសចិន ចំពោះលក្ខណៈសម្បត្តិ ដែលចាំបាច់ សម្រាប់បេក្ខជនអគ្គលេខាធិការអង្គការសហប្រជាជាតិអាណត្តិក្រោយផង។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពីសំណើរបស់ប្រទេសចិន ក្នុងការជួយដល់ក្រុមប្រឹក្សាសន្តិសុខ ឱ្យអនុវត្តបេសកកម្មរបស់ខ្លួនបានកាន់តែប្រសើរឡើង លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនផងនោះ, បានអះអាងថា ក្រុមប្រឹក្សាសន្តិសុខ នៅតែជាស្នូលនៃយន្តការសន្តិសុខរួមអន្តរជាតិ និងផ្ទុកនូវការទទួលខុសត្រូវចម្បង ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។
លោក វ៉ាង យី បានប្រាប់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីលោកបានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកម្រិតខ្ពស់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ យ៉ាងដូច្នេះថា៖ «ទន្ទឹមនឹងនេះ យើងត្រូវតែទទួលស្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, លើបញ្ហាក្តៅគគុកសំខាន់ៗមួយចំនួន ក្រុមប្រឹក្សាសន្តិសុខហាក់ដូចជាបានអវត្តមានជារឿយៗ។ ដូច្នេះ ដើម្បីជំរុញឱ្យអង្គការសហប្រជាជាតិមានភាពរស់រវើកឡើងវិញ ជាដំបូងយើងត្រូវតែធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខ មានភាពរស់រវើកឡើងវិញជាមុនសិន»។
លោក វ៉ាង យី បានបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅនោះ សមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខ ចាំបាច់ត្រូវចាត់ទុកការរក្សាសន្តិភាពជាបេសកកម្មចម្បងរបស់ខ្លួន គោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រកាន់ខ្ជាប់នូវយុត្តិធម៌ និងជៀសវាងការធ្វើសកម្មភាព ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ឬការបង្កើតឱ្យមានការប្រឈមមុខដាក់គ្នា។
លោកបានសង្កត់ធ្ងន់លើសារៈសំខាន់ ក្នុងការបង្កើនសំឡេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាប្រទេសតូច និងមធ្យម តាមរយៈការកែទម្រង់ ជាពិសេសគឺការដោះស្រាយបញ្ហាអយុត្តិធម៌ជាប្រវត្តិសាស្ត្រ ដែលទ្វីបអាហ្វ្រិកបាន និងកំពុងជួបប្រទះ។
លោកបានបន្ថែមថា សហគមន៍អន្តរជាតិគួរតែរួមគ្នា បដិសេធរាល់សកម្មភាពឯកតោភាគីទាំងឡាយណា ដែលរំលងក្រុមប្រឹក្សាសន្តិសុខ ដើម្បីកុំឱ្យទង្វើគាបសង្កត់បែបឯកតោភាគីមានឱកាសងើប និងមានភាពស្របច្បាប់តទៅទៀត៕

ប្រភព៖ CGTN