ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សភាអាមេរិកបោះឆ្នោតអនុម័តដំណោះស្រាយដែលនឹងនាំទៅរកការបិទបញ្ចប់សង្រ្គាមអ៉ីរ៉ង់

45

វ៉ាស៊ីនតោន៖សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ បានបោះឆ្នោតអនុម័តដំណោះស្រាយមួយដើម្បីរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ដែលនេះបានឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងនៅក្នុងចំណោមសមាជិកនៃគណបក្សរបស់លោក ចំពោះសង្រ្គាមអូសបន្លាយពេលជាង ៣ខែមកនេះ នៅមុនការបោះឆ្នោតមុនអាណត្តិចូលមកដល់នៅខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សភាតំណាងរាស្ត្រអាមេរិក ឬរដ្ឋសភាបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ២១៥ ទល់២០៨សំឡេងជំទាស់ ដែលក្នុងនោះមានតំណាងរាស្ត្រសាធារណរដ្ឋ ៤នាក់ បោះឆ្នោតជាមួយ គណបក្សប្រជាធិបតេយ្យ ក្នុងការអនុម័តដំណោះស្រាយខាងលើ ឬ war powers resolution ដែលនឹងតម្រូវឱ្យលោក ត្រាំ ដកកងទ័ពអាមេរិកចេញពីអ៉ីរ៉ង់ លុះត្រាតែសភាទាំង២ របស់សហរដ្ឋអាមេរិកប្រកាសសង្រ្គាម ឬអនុញ្ញាតឱ្យប្រើប្រាស់កម្លាំងយោធាសាជាថ្មី។ 

នេះជាបរាជ័យលើកចុងក្រោយបំផុតមួយសម្រាប់លោក ត្រាំ នៅក្នុងសភាអាមេរិក បើទោះជាគណបក្សរបស់លោកកំពុងគ្រប់គ្រងសភាទាំង២របស់សហរដ្ឋអាមេរិក គឺរដ្ឋសភា និងព្រឹទ្ធសភា ដោយសំឡេងភាគច្រើនតិចតួចក៏ដោយ។ ប៉ុន្តែ ក្នុងពេលបច្ចុប្បន្ន ការអនុម័តខាងលើនៅត្រឹមជានិមិត្តរូបប៉ុណ្ណោះ ពីព្រោះដំណោះស្រាយនេះនៅត្រូវបញ្ជូនបន្តទៅ ឱ្យព្រឹទ្ធសភាអនុម័តជាមុនសិន មុននឹងវាក្លាយទៅជាច្បាប់ជាផ្លូវការ ខណៈនៅតែមានការជជែកដេញដោលថាតើដំណោះស្រាយរបស់សភាអាមេរិកនឹងអាចរារាំងលោក ត្រាំ មិនឱ្យបន្ត ឬបង្កសង្រ្គាមជាថ្មីជាមួយអ៉ីរ៉ង់ឬក៏យ៉ាងណា៕

អត្ថបទដែលជាប់ទាក់ទង