ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះចៅស៊ូលតង់ព្រុយណេតែងតាំងព្រះបុត្រា Mateen ជារដ្ឋមន្រ្តីការបរទេស

17

បានដាស៊េរីបេហ្កាវ៉ាន់៖ព្រះចៅស៊ូលតង់នៃប្រទេសព្រុយណេ Hassanal Bolkiah បានតែងតាំងព្រះបុត្រា Abdul Mateen ជារដ្ឋមន្រ្តីការបរទេស ក្នុងការរុះរើគណៈរដ្ឋមន្រ្តីទ្រង់ទ្រាយធំមួយ ដែលត្រូវបានមើលឃើញថា ហាក់ជាការបោះជំហានដើម្បីត្រៀមលក្ខណៈ សម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយ នៃព្រះរាជាណាចក្រដែលសម្បូរដោយធនធានប្រេងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងនាមជាបុត្រទី១០ និងជាបុត្រាទី៤ របស់ព្រះចៅស៊ូលតង់ Hassanal ព្រះអង្គម្ចាស់ Mateen ដែលមានព្រះជន្ម៣៤ព្រះវស្សា ស្ថិតនៅលេខរៀងក្រោយឆ្ងាយឯណោះ នៃជួរអ្នកមានសិទ្ធិត្រូវឡើងបន្តវេនគ្រងរាជ្យ ប៉ុន្តែរូបរាងសង្ហាដូចតារារបស់ទ្រង់ បានទាក់ទាញអ្នកគាំទ្ររាប់លាននាក់លើបណ្តាញសង្គម ដែលផ្តល់នូវមុខមាត់បែបសម័យទំនើបមួយ សម្រាប់គ្រួសាររាជវង្សព្រុយណេ។ ព្រះអង្គម្ចាស់ Abdul Mateen មានតួនាទីជាមន្រ្តីយោធានៅក្នុងកងកម្លាំងប្រដាប់អាវុធព្រុយណេ និងជាអាកាសយានិកឧទ្ធម្ភាគចក្រ ហើយទ្រង់ធ្លាប់ អមដំណើរព្រះបិតា អំឡុងទស្សនកិច្ចផ្លូវការជាច្រើននៅក្រៅប្រទេស រួមមានទាំងកិច្ចប្រជុំកំពូលការទូត។ បើតាមព្រះចៅស៊ូលតង់ ព្រះអង្គម្ចាស់នឹងបន្តអាជីពរបស់ទ្រង់នៅក្នុងជួរយោធា ហើយកាន់តួនាទីរដ្ឋមន្រ្តីការបរទេស ក្នុងពេលជាមួយគ្នា។

ទន្ទឹមគ្នា ព្រះបុត្រាមួយអង្គទៀត គឺព្រះអង្គម្ចាស់ Abdul Malik ព្រះជន្ម៤២ព្រះវស្សា ក៏ត្រូវបានតែងតាំងទៅក្នុងគណៈរដ្ឋមន្រ្តីផងដែរ ដោយមានតំណែងជារដ្ឋមន្រ្តីមួយរូប ក្នុងការិយាល័យនាយករដ្ឋមន្រ្តី។ ដោយឡែក ព្រះបុត្រាច្បង ព្រះម្ចាស់ Al-Muhtadee Billah ព្រះជន្ម៥២ព្រះវស្សា ដែលជារជ្ជទាយាទ បន្តមានតំណែងជាទេសរដ្ឋមន្រ្តីដដែល នៅការិយាល័យនាយករដ្ឋមន្រ្តី។ ព្រះចៅស៊ូលតង់ Hassanal បានមានព្រះបន្ទូលថា ព្រះអង្គនឹងបន្តកាន់តំណែងសំខាន់ៗដដែល គឺជានាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីហិរញ្ញវត្ថុ។ តាមរយៈការតែងតាំងថ្មីខាងលើ នាំឱ្យឥឡូវមានសមាជិករាជវង្សសរុប៤អង្គ នៅក្នុងគណៈរដ្ឋមន្រ្តី។

គួរបញ្ជាក់ថា ព្រះចៅស៊ូលតង់ Hassanal Bolkiah សព្វថ្ងៃមានព្រះជន្ម៧៩ព្រះវស្សា ហើយមួយរយៈចុងក្រោយនេះ ព្រះអង្គមានបញ្ហាព្រះរាជសុខភាពមួយចំនួន ក្នុងនោះមានទាំងការវះកាត់ផ្លាស់ប្តូរក្បាលជង្គង់ កាលពីខែមករា ហើយព្រះអង្គបានបង្ហាញព្រះរាជវត្តមានជាសាធារណៈតិចជាងមុន ក្នុងឆ្នាំនេះ។ កាលពីឆ្នាំ២០២៥ ព្រះអង្គក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យផងដែរ ដោយសារការអស់កម្លាំងខ្លាំង អំឡុងកិច្ចប្រជុំកំពូលអាស៊ាន ក្នុងប្រទេសម៉ាឡេស៉ី។  ព្រះចៅស៊ូលតង់ព្រុយណេ គឺជាក្សត្រដែលកំពុងគ្រងរាជ្យ យូរជាងគេបង្អស់លើពិភពលោក ហើយធ្លាប់ជាប់ជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុត ដោយសារតែធនធានប្រេងនិងឧស្ម័នរបស់ប្រទេសអាស៊ានមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង