ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស៉ីជីនពីងទៅដល់កូរ៉េខាងជើងដើម្បីជួបលោកគីមជុងអ៊ុនក្នុងទស្សនកិច្ចលើកដំបូងចាប់តាំងពីឆ្នាំ២០១៩

20

ប៉េកាំងនាថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងជើង ដើម្បីបើកជំនួបកំពូល ជាមួយលោក គីម ជុងអ៊ុន ក្នុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មាន CNN។

លោក ស៉ី និងភរិយា បានទៅដល់រដ្ឋធានីព្យុងយ៉ាង ក្រោមការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក គីម និងជំទាវទីមួយកូរ៉េខាងជើង លោកស្រី Ri Sol Ju។ វាគឺជាទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ស៉ី ជីនពីង ក្នុងឆ្នាំនេះ ហើយជាលើកដំបូងទៅកូរ៉េខាងជើង ក្នុងរយៈពេល៧ឆ្នាំ។ 

ដំណើរទស្សនកិច្ចនេះកើតមានឡើង បន្ទាប់ពីលោកប្រធានាធិបតីចិន ទើបតែបានទទួលស្វាគមន៍ទស្សនកិច្ចដាច់ដោយឡែកពីគ្នា របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅទីក្រុងប៉េកាំង កាលពីប៉ុន្មានសប្តាហ៍មុន។

គួរបញ្ជាក់ថា ការកំណត់ពេលវេលានៃការធ្វើទស្សនកិច្ចខាងលើនេះ គឺស្របទៅនឹងកិច្ចប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការតាំងខ្លួនប្រទេសចិន ជាមហាអំណាចដ៏មានឥទ្ធិពលមួយ ដែលមានសមត្ថភាពធ្វើការជាមួយប្រទេសជាច្រើនខុសៗគ្នា និងអាចជួយដោះស្រាយបញ្ហាអន្តរជាតិនានា អំឡុងសម័យកាលមួយ ដែលស្ថានការណ៍ពិភពលោកមានភាពមិនច្បាស់លាស់ និងប្រែប្រួលឆាប់រហ័ស។ 

មិនតែប៉ុណ្ណោះ វាក៏បម្រើផងដែរជាកាយវិការច្បាស់មួយពីទីក្រុងប៉េកាំងថា ទោះបីលោក គីម ជុងអ៊ុន និងលោក ពូទីន បានកសាងទំនាក់ទំនង ជិតស្និទ្ធខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ចិននៅតែបន្តជាអ្នកគាំទ្រសេដ្ឋកិច្ច និងជាដៃគូការទូតដ៏សំខាន់របស់កូរ៉េខាងជើង។ ក្នុងអត្ថបទមួយចុះផ្សាយដោយ កាសែតរដ្ឋកូរ៉េខាងជើងនាថ្ងៃចន្ទនេះ មុនលោក ស៉ី ឡើងយន្តហោះឆ្ពោះទៅកូរ៉េខាងជើង លោកប្រធានាធិបតីចិន បានសង្កត់ធ្ងន់ថា ទោះបីពេលវេលាប្រែប្រួលបែបណា ឬស្ថានការណ៍អន្តរជាតិវិវត្តយ៉ាងណាក៏ដោយ ចំណងមិត្តភាពជាប្រពៃណីរវាងចិននិងកូរ៉េខាងជើង នឹងនៅតែរឹងមាំគ្មានគូប្រៀបជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង