ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 មនុស្សស្លាប់កើនដល់៤១នាក់ និងរបួសជាង៤៥០នាក់ ក្រោយគ្រោះរញ្ជួយដីវាយប្រហារហ្វីលីពីន

33

ម៉ានីល៖ ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍រញ្ជួយដីធំមួយ ដែលបានកើតឡើងកាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន បានកើនដល់៤១នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយរបស់ហ្វីលីពីន បាននិយាយថា មនុស្សរាប់ពាន់នាក់ នៅបន្តមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន និង ជាង៤៥០នាក់បានរងរបួស ក្រោយគ្រោះរញ្ជួយដីកម្រិត៧,៨រ៉ិចទ័រ បានវាយប្រហារក្បែរកោះ Mindanao ភាគខាងត្បូងប្រទេសកាលពីព្រឹកថ្ងៃចន្ទ ប៉ុន្តែនាពេលនេះ មានមនុស្សត្រឹម៤នាក់ប៉ុណ្ណោះ ដែលត្រូវបានជឿថាកំពុងបន្តបាត់ខ្លួន។ ក្រៅពីមនុស្សស្លាប់និងរបួស អគារជាច្រើនបានដួលរលំ និងរងការបំផ្លិចបំផ្លាញ។

បាតុភូតរញ្ជួយដីខាងលើ បាននាំឱ្យមានការចេញបញ្ជាជម្លៀសមនុស្សរាប់ពាន់នាក់ពីតំបន់ឆ្នេរនៅតាមភាគខាងត្បូងប្រទេសហ្វីលីពីន ព្រមទាំង នៅប្រទេសជិតខាងគឺឥណ្ឌូណេស៉ី ស្របពេលការព្រមានពីរលកស៊ូណាមិត្រូវបានធ្វើឡើង ដោយប្រទេសជាច្រើនក្នុងតំបន់។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយ ការគំរាមកំហែងក៏បានកន្លងផុត ហើយការប្រកាសអាសន្ន ត្រូវបានលុបចោលវិញ។ 

គួរបញ្ជាក់ថា ភាគខាងកើតកោះ Mindanao កាលពីខែតុលា ឆ្នាំ២០២៥ ធ្លាប់បានរងគ្រោះរញ្ជួយដី២ផ្ទួនគ្នា គឺកម្រិត៧,៤រ៉ិចទ័រ និង៦,៧រ៉ិចទ័រ ដែលបានសម្លាប់មនុស្សយ៉ាងហោច៨នាក់។ ហេតុការណ៍នោះទៀតសោត គឺកើតឡើងក្រោយរញ្ជួយដីមួយផ្សេងទៀត កម្រិត៦,៩រ៉ិចទ័រ នៅប៉ុន្មានថ្ងៃមុននោះ ដែលបានផ្តាច់ជីវិតមនុស្ស៧៦នាក់ ហើយបង្កការខូចខាត ឬបំផ្លាញលំនៅដ្ឋានសរុបប្រមាណ ៧២ ០០០ខ្នងនៅខេត្ត Cebu ភាគកណ្តាលប្រទេសហ្វីលីពីន៕

អត្ថបទដែលជាប់ទាក់ទង