ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតីហ៊ុនម៉ាណែតប្រាប់អគ្គលេខាធិការរងអង្គការសហប្រជាជាតិអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃនិងបញ្ជាក់អំពីការប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ

60

ហាណូយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ អនុញ្ញាតឱ្យលោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួបនេះ លោកស្រីអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានសម្តែងនូវការកោតសរសើរ ចំពោះជំនាញរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ទុកពីសង្គ្រាម។លោកស្រីបានបន្ថែមទៀតថា ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិន ទាន់ផ្ទុះ គឺជាកិច្ចការដែលទាមទារការចំណាយពេលវេលា និងធនធានច្រើន។

លោកស្រីអគ្គលេខាធិការរង ក៏បានកោតសរសើរចំពោះសមត្ថភាព និង បទពិសោធន៍របស់កងកម្លាំងរបស់កម្ពុជា ដែលបាន ចូលរួម ចំណែកយ៉ាងសកម្ម ក្នុងប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆ័ត្រ អង្គការ សហប្រជាជាតិ នៅបណ្តាប្រទេសជាច្រើន ដែលការណ៍នេះ បង្ហាញ ពីឆន្ទៈរបស់កម្ពុជា ក្នុង ការ ចូលរួម ថែរក្សា សន្តិភាព និងការចែករំលែក បទពិសោធន៍ដ៏ល្អនេះ ទៅកាន់ ពិភពលោក។ 

លោកស្រីក៏បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ និងបេសកកម្មរបស់លោកស្រី ដែលបានមកកាន់កម្ពុជា នៅមុនឆ្នាំ១៩៩១ ដើម្បីជួយសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនកម្ពុជា ចូលមាតុប្រទេសវិញ។  

ជាការឆ្លើយតប សម្តេចធិបតីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានតម្លៃរបស់អង្គការសហប្រជាជាតិ ក្នុងដំណើរការស្វែងរកសន្តិភាព និងការកសាងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ 

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានជម្រាបជូនលោកស្រីអគ្គលេខាធិការរង អំពីសមិទ្ធផលនានា ដែលកម្ពុជាសម្រេចបានក្នុងការបោសសម្អាតមីន និង យុទ្ធភណ្ឌ មិន ទាន់ផ្ទុះ  និងជោគជ័យរបស់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ សម្តេចធិបតីបានរំលឹកអំពីផលវិបាកនៃសង្គ្រាម ដែលកម្ពុជាបានឆ្លងកាត់នាពេលកន្លង មក និងបានសង្កត់ធ្ងន់ថា សង្គ្រាមមិនអាចដោះស្រាយបញ្ហាបានឡើយ ហើយនៅទីបំផុត មានតែការចរចា និងការរក្សាឱ្យបាននូវសន្តិភាពប៉ុណ្ណោះ ទើបជាកត្តាគន្លឹះដ៏សំខាន់បំផុត ។ 

សម្តេចធិបតី និងលោកស្រីអគ្គលេខាធិការរង ក៏បានផ្លាស់ប្តូរមតិគ្នាអំពីបញ្ហាតំបន់ និង អន្តរជាតិ មួយចំនួន និងបានឯកភាពគ្នាអំពីសារៈសំខាន់ ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយគោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

មុននឹងបញ្ចប់ សម្តេចធិបតីក៏បានជម្រាបជូនលោកស្រីអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងកម្ពុជានិងថៃ៕

អត្ថបទដែលជាប់ទាក់ទង