លោកដូណាល់ត្រាំព្រមានថាអ៊ីរ៉ង់នឹងត្រូវ «បង់ថ្លៃខាតបង់» ដោយសារតែចំណាយពេលយូរពេកក្នុងការចរចា
វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានព្រមានថា ទីក្រុងតេហេរ៉ង់ បានចំណាយពេលយូរពេកក្នុងការចរចា ហើយឥឡូវនេះពួកគេនឹងត្រូវ «បង់ថ្លៃខាតបង់» ចំពោះភាពយឺតយ៉ាវនេះ។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារដាក់គ្នាទៅវិញទៅមក ចំពេលដែលមានសេចក្តីរាយការណ៍ពីការព្យាយាមបន្តកិច្ចចរចា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម លោក ត្រាំ បានរិះគន់ថា«អ៊ីរ៉ង់ពូកែតែនិយាយ ប៉ុន្តែមិនមានសកម្មភាពនោះទេ។ ពួកគេចំណាយពេលយូរពេកក្នុងការចរចាកិច្ចព្រមព្រៀងដែលគួរតែផ្តល់ផលចំណេញដល់ពួកគេ ហើយឥឡូវនេះពួកគេនឹងត្រូវប្រឈមមុខនឹងផលវិបាកហើយ!»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ត្រាំ កើតឡើងស្របពេលដែលមានប្រភពស្និទ្ធនឹងកិច្ចការនេះបានប្រាប់ Reuters ថា ក្រុមអ្នកចរចារបស់កាតា បានធ្វើដំណើរទៅកាន់ទីក្រុងតេហេរ៉ង់កាលពីព្រឹកថ្ងៃពុធ ដើម្បីព្យាយាមសម្រេចកិច្ចព្រមព្រៀងជាស្ថាពរ ក្រោយពីបានពិគ្រោះយោបល់ជាមួយភាគីសហរដ្ឋអាមេរិករួចរាល់។ ទោះជាយ៉ាងណា សេតវិមាននៅមិនទាន់មានការឆ្លើយតបណាមួយជុំវិញការលើកឡើងរបស់លោក ត្រាំ ឬដំណើរទស្សនកិច្ចរបស់អ្នកចរចាកាតានៅឡើយទេ៕
