កប៉ាល់ដឹកប្រេងអ៉ីរ៉ង់ចាប់ផ្តើមអាចចាកចេញពីតំបន់បិទខ្ទប់របស់អាមេរិកមុនភាគីទាំងពីរចុះកិច្ចព្រមព្រៀងបឋមសំដៅបិទបញ្ចប់សង្រ្គាម,តែត្រាំថាអ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរឡើយ
មជ្ឈិមបូព៌ា៖កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ ពីរថ្ងៃមុនពេលភាគីទាំង២ ត្រូវចុះកិច្ចព្រមព្រៀងបឋម ដែលសំដៅបិទបញ្ចប់សង្រ្គាមដែលផ្ទុះឡើង តាំងពីចុងខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦។
វែបសាយតាមដានកប៉ាល់ TankerTrackers បានបង្ហាញថា កប៉ាល់យក្ស២គ្រឿងរបស់ក្រុមហ៊ុនកប៉ាល់ដឹកប្រេងអ៉ីរ៉ង់ NITC ឈ្មោះ DIONA និង HERO2 បានធ្វើដំណើរចេញផុតបរិវេណដែលត្រូវបានបិទខ្ទប់ដោយកងទ័ពជើងទឹកអាមេរិក ហើយផ្ទុកប្រេងឆៅសរុបចំនួន ៣,៨លានបារ៉ែល។ ក្រោយមក វែបសាយដដែល បានឱ្យដឹងទៀតថា កប៉ាល់ដឹកប្រេងទី៣ ក៏បានចាកចេញផុតផងដែរ។
បើតាមវែបសាយ TankerTrackers វាគឺជាការនាំចេញប្រេងឆៅអ៉ីរ៉ង់ដំបូងបំផុតក្នុងរយៈពេល២ខែ ពោលគឺចាប់តាំងពីសហរដ្ឋអាមេរិកអនុវត្ត ការបិទខ្ទប់លើកប៉ាល់អ៉ីរ៉ង់ ឆ្លើយតបការដែលអ៉ីរ៉ង់បិទខ្ទប់ច្រកសមុទ្រ Hormuz ដែលជាច្រកដ៏សំខាន់នៃការដឹកជញ្ជូនប្រេងនិងឧស្ម័នរបស់ ពិភពលោក ក្រោយរងការវាយប្រហារពីអាមេរិកនិងអ៉ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
គួរបញ្ជាក់ថា ការប្រកាសអំពីការឈានដល់កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ហើយច្រកសមុទ្រ Hormuz នឹងត្រូវបើកឡើងវិញទាំងស្រុងនោះ បានធ្វើឱ្យតម្លៃប្រេងអន្តរជាតិ ចាប់ផ្តើមធ្លាក់ចុះវិញ។ ការចរចាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយចុងក្រោយ នឹងត្រូវចាប់ផ្តើមភ្លាមៗ ក្រោយពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងបឋមនៅប្រទេសស្វ៉ីសនាថ្ងៃសុក្រ ហើយវានឹងបន្តប្រព្រឹត្តទៅរយៈពេល ៦០ថ្ងៃ ដើម្បីឈានដល់ការសម្រេចចិត្ត ជុំវិញបញ្ហាខ្ទាស់ធំៗ រវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងតេហេរ៉ង់ ដូចជារឿងកម្មវិធីនុយក្លេអ៊ែរ និង ការដកទណ្ឌកម្មសេដ្ឋកិច្ចរបស់អន្តរជាតិ។
លោក ត្រាំ បញ្ជាក់ថាអនុស្សរណៈបានចែងយ៉ាងច្បាស់ថា អ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរឡើយ
អេវីយ៉ង៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំងថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយប្រទេសអ៊ីរ៉ង់ បានចែងយ៉ាងច្បាស់លាស់ថា ទីក្រុងតេហេរ៉ង់ នឹងមិនត្រូវបានអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ លោកក៏បានបន្ថែមថា អត្ថបទពេញលេញនៃអនុស្សរណៈនេះ នឹងត្រូវប្រកាសជាផ្លូវការនៅពេលខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ឆ្លើយតបទៅនឹងសំណើរបស់សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ លោក ត្រាំ បានសម្តែងការគាំទ្រចំពោះគំនិតក្នុងការបញ្ជូនកិច្ចព្រមព្រៀងនេះទៅកាន់សភាដើម្បីត្រួតពិនិត្យ ដោយលោកបានបញ្ជាក់ថា «ខ្ញុំមិនដែលគិតពីរឿងនេះទេ ប៉ុន្តែខ្ញុំនឹងធ្វើវា។ ខ្ញុំនឹងបញ្ជូនវាទៅកាន់សភា ខ្ញុំពិតជាចូលចិត្តគំនិតនេះណាស់»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបច្ចុប្បន្ន គឺជាក្របខណ្ឌបឋមដើម្បីឈានទៅរកការពិភាក្សាលម្អិតនៅប៉ុន្មានសប្តាហ៍ខាងមុខ ដោយមានឱសានវាទ ៦០ថ្ងៃ។ ថ្លែងនៅក្នុងជំនួបជាមួយប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រធានាធិបតី ត្រាំ បានបង្ហាញសុទិដ្ឋិនិយមថា ដំណាក់កាលបន្ទាប់នៃការចរចានឹងប្រព្រឹត្តទៅយ៉ាងឆាប់រហ័សដោយសារតែអ៊ីរ៉ង់កំពុងប្រញាប់ប្រញាល់ចង់ស្តារសេដ្ឋកិច្ច និងធ្វើប្រក្រតីភាពទំនាក់ទំនងឡើងវិញ៕
