ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃបង្ហាញការព្រួយបារម្ភចំពោះការប្រើប្រាស់ពាក្យ «ក្រុមចិនប្រផេះ» ក្នុងប្រទេសថៃ
បាងកក៖ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃបានបង្ហាញការព្រួយបារម្ភចំពោះការប្រើប្រាស់ពាក្យ «ក្រុមចិនប្រផេះ» ដោយនិយាយថាវាជាការរើសអើងលើប្រជាជនចិនទាំងមូល ហើយ បានធ្វើឱ្យមនុស្សមួយចំនួនក្នុងប្រទេសចិនមានអារម្មណ៍មិនល្អចំពោះថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Khaosod។
ថ្លែងនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីទេសចរណ៍ និងកីឡារបស់ថៃ លោក Surasak Phancharoenworakul បាននិយាយថារូបលោក កាលពីពេលថ្មីៗនេះបានជួបឯកអគ្គរដ្ឋទូតចិន ដែលបានលើកឡើងពីបញ្ហាខាងលើក្នុងកិច្ចពិភាក្សាមួយ។ «ឯកអគ្គរដ្ឋចិនបានប្រាប់ខ្ញុំថាប្រសិនបើទេសចរចិនណាម្នាក់ប្រព្រឹត្តខុសច្បាប់ វាជាកំហុសបុគ្គល ប៉ុន្តែមិនគួរប្រើប្រាស់ពាក្យ «ចិនប្រផេះ» នោះទេ ពីព្រោះវាធ្វើឱ្យចិនមានអារម្មណ៍មិនល្អចំពោះថៃ»។ នេះជាការគូសបញ្ជាក់របស់លោក Surasak។
បើតាមរដ្ឋមន្ត្រីថៃរូបនេះ ឯកអគ្គរដ្ឋទូតចិនបានទទួលស្គាល់ថាជនជាតិចិនមួយចំនួនក្នុងប្រទេសថៃ បានប្រព្រឹត្តបទល្មើសពិតមែន តែលោកបានសង្កត់ធ្ងន់ថាជនជាតិចិនជាច្រើនដែល ធ្វើដំណើរទៅកាន់ប្រទេសថៃបានចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចថៃ។
គួរបញ្ជាក់ថា ពាក្យក្រុមចិនប្រផេះ ចង់សំដៅដល់បណ្តាញឧក្រិដ្ឋជនជនជាតិចិន ដែលធ្វើប្រតិបត្តិការក្នុង «តំបន់ប្រផេះ» ដែលជាតំបន់គ្មានច្បាប់ទម្លាប់ច្បាស់លាស់ ឬការអនុវត្តច្បាប់ធូររលុងនៃឧក្រិដ្ឋកម្មឆ្លងដែន៕
