ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យោធាអាមេរិកបើកការវាយប្រហារថ្មីទៀតលើអ៉ីរ៉ង់ខណៈលោកត្រាំគំរាមកម្ទេចឱ្យរលាយបាត់ពីផែនដី

26

វ៉ាស៉ីនតោនយោធាអាមេរិកបានឱ្យដឹងថា ខ្លួនបានបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ ប៉ុន្មានម៉ោងបន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត បានរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ខណៈវាគឺជាការកើនឡើងកម្តៅភាពតានតឹងយ៉ាងអាក្រក់បំផុតមួយ ចាប់តាំងពីភាគីទាំងពីរ ទើបតែបានចុះកិច្ចព្រមព្រៀងបឋមដើម្បីឆ្ពោះទៅរកសន្តិភាព កាលពី២សប្តាហ៍មុនប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦។

យោធាអាមេរិកបាននិយាយថា ការវាយប្រហារថ្មីទៀតខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីកប៉ាល់ប្រេង១គ្រឿងដោតទង់ជាតិប៉ាណាម៉ា បានរងការវាយប្រហារពីដ្រូនអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍។ រីឯប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «វាអាចដល់ពេលមួយ ដែលយើងលែងអាច ទទួលយកហេតុផលអ្វីទាំងអស់តទៅទៀត ហើយនឹងត្រូវបង្ខំឱ្យប្រើជម្រើសយោធាដើម្បីសម្រេចគោលដៅ ដែលកន្លងមកយើងបានចាប់ផ្តើមដោយជោគជ័យ។ ប្រសិនបើត្រូវដើរដល់ផ្លូវនោះមែន សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ នឹងលែងមានវត្តមានទៀតហើយ»។

គួរបញ្ជាក់ថា ការវាយប្រហារកប៉ាល់ដឹកប្រេងកាលពីថ្ងៃសៅរ៍ គឺកើតមានឡើងក្រោយកប៉ាល់ដឹកទំនិញ១គ្រឿង ក៏បានរងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ ដែលបានដុតបញ្ឆេះការផ្ទុះកម្តៅភាពតានតឹងថ្មីចុងក្រោយបង្អស់នេះ។ អ៉ីរ៉ង់និងអាមេរិក បានចោទគ្នាទៅវិញទៅមកអំពីការបំពានកិច្ចព្រមព្រៀងបឋម ដោយ ទីក្រុងតេហេរ៉ង់ បានបន្ទោសទីក្រុងវ៉ាស៉ីនតោនជាពិសេស ជុំវិញការសន្យាបញ្ឈប់សង្រ្គាមរបស់អ៉ីស្រាអែលនៅលីបង់។

អ៉ីស្រាអែលនិងលីបង់ បានយល់ព្រមម្តងហើយម្តងទៀតចំពោះបទឈប់បាញ់ ដែលសម្របសម្រួលដោយអាមេរិក ខណៈការព្រមព្រៀងថ្មីចុងក្រោយបំផុត គឺកាលពីថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែការអនុវត្តជាក់ស្តែងហាក់ពុំមានប្រសិទ្ធនោះទេ ដ្បិតអ៉ីស្រាអែលបន្តទទូចថា នឹងមិនដកកងទ័ពចេញពីទឹកដីដែលខ្លួនកាន់កាប់ដាច់ខាត ហើយក្រុមហេសបូឡា បានបន្តច្រានចោលការអំពាវនាវឱ្យខ្លួនរំសាយអាវុធ ដរាបណាកងទ័ពអ៉ីស្រាអែល នៅតែស្ថិតលើទឹកដីលីបង់៕

អត្ថបទដែលជាប់ទាក់ទង