ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់វាយប្រហារជាការសងសឹកអាមេរិក ទៅគោលដៅនៅប្រទេសកូវ៉ែតនិងបារ៉ែន

26

តេហេរ៉ង់នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បាននិយាយថា ខ្លួនបានបើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីប្រទេសអ៉ីរ៉ង់ ហើយបានព្រមានថា បើអាមេរិកនៅតែបន្តសកម្មភាពបែបនេះ ទីក្រុងតេហេរ៉ង់នឹងឆ្លើយតបកាន់តែធ្ងន់ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

IRGC បានអះអាងថា គោលដៅសំខាន់ៗចំនួន៨របស់អាមេរិក ត្រូវបានកម្ទេចនៅមូលដ្ឋានយោធា Ali al-Salem ក្នុងប្រទេសកូវ៉ែត និងនៅមូលដ្ឋានរបស់កងអង្គភាព Fifth Fleet នៃយោធាជើងទឹកអាមេរិក ក្នុងទីក្រុងកំពង់ផែ Salman នៃប្រទេសបារ៉ែន។ IRGC បានព្រមានថា ការវាយប្រហារបំពានណាមួយរបស់សត្រូវ ទោះក្រោមលេសអ្វី ហើយសូម្បីតែប្រឆាំងគោលដៅមិនសូវសំខាន់ក៏ដោយ នឹងត្រូវទទួលរងការឆ្លើយតបយ៉ាងចាស់ដៃបំផុត ត្រឡប់ទៅវិញ។

គួរបញ្ជាក់ថា ទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន ទើបតែបានឈានដល់កិច្ចព្រមព្រៀងបឋម កាលពីពាក់កណ្តាលខែមិថុនានេះ ដែលសំដៅឆ្ពោះទៅរក ការបិទបញ្ចប់ជាអចិន្រ្តៃយ៍ នៃសង្រ្គាមដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ។ យោធាអាមេរិក បានបន្តវាយប្រហារអ៉ីរ៉ង់២ថ្ងៃជាប់គ្នា កាលពីថ្ងៃសៅរ៍ ដោយពួកគេ បានអះអាងថា វាគឺជាការឆ្លើយតបសម្រាប់ការវាយប្រហាររបស់អ៉ីរ៉ង់ លើកប៉ាល់ពាណិជ្ជកម្មនៅច្រកសមុទ្រ Hormuz ក្នុងសប្តាហ៍នេះ។ កាលពីថ្ងៃព្រហស្បតិ៍ IRGC បានព្រមានប្រឆាំងកប៉ាល់ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនោះ ដោយពុំមានការអនុញ្ញាតពីខ្លួន៕

អត្ថបទដែលជាប់ទាក់ទង