ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនព្រមានអូស្រ្តាលីប្រឆាំងការលេងហ្គេមភូមិសាស្រ្តនយោបាយក្រោយចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសដែនកោះប៉ាស៉ីហ្វិក

23

ប៉េកាំង៖នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ ចិនបានព្រមានអូស្រ្តាលីប្រឆាំង «ការលេងល្បែងភូមិសាស្រ្តនយោបាយ» បន្ទាប់ពីទីក្រុងកង់បេរ៉ា បានចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងសន្តិសុខទូលំទូលាយមួយជាមួយវ៉ានូទូ ដែលហាមឃាត់ការបង្កើត មូលដ្ឋានយោធាបរទេស នៅក្នុងប្រទេសដីកោះតំបន់ប៉ាស៉ីហ្វិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានលើកឡើងដូច្នេះថា «យើងសង្ឃឹមថាបណ្តាប្រទេសពាក់ព័ន្ធ នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រទេសដីកោះប៉ាស៉ីហ្វិក ដែលពិតជាផ្តល់អត្ថប្រយោជន៍ចំពោះការអភិវឌ្ឍនិងស្ថិរភាព នៅក្នុងតំបន់របស់ពួកគេ ហើយមិនគួរមានគោលដៅប្រឆាំងភាគីទី៣ និងមិនគួរប្រើប្រាស់រឿងនេះ ដើម្បីលេងហ្គេមភូមិសាស្រ្តនយោបាយឡើយ»

កិច្ចព្រមព្រៀងខាងលើត្រូវបានចុះហត្ថលេខា ដោយនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese និងសមភាគីវ៉ានូទូ លោក Jotham Napat នៅទីក្រុងកង់បេរ៉ា នាថ្ងៃចន្ទនេះ។ កិច្ចព្រមព្រៀង តម្រូវឱ្យអូស្រ្តាលីបង្កើនការគាំទ្រសេដ្ឋកិច្ចធំជាងមុន សម្រាប់វ៉ានូទូ ហើយហាមមិនឱ្យមហាអំណាចយោធាបរទេសណាមួយ បង្កើតមូលដ្ឋាននៅលើប្រទេសដីកោះនេះ។ លោក Albanese បានលើកឡើង កិច្ចព្រមព្រៀងនេះ ផ្តល់ការធានាច្បាស់លាស់សម្រាប់អូស្រ្តាលីថា នឹងមិនមានមូលដ្ឋានទ័ពបរទេសណាមួយនៅ វ៉ានូទូឡើយ។

វ៉ានូទូមានទីតាំងភូមិសាស្រ្តស្ថិតនៅចំណុចកណ្តាល នៃការប្រកួតប្រជែងយុទ្ធសាស្រ្តរវាងចិននិងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅតំបន់ភាគខាងត្បូង មហាសមុទ្រប៉ាស៉ីហ្វិក ហើយអូស្រ្តាលីបានបង្ហាញក្តីកង្វល់ថា ទីក្រុងប៉េកាំងកំពុងមានមហិច្ឆតាចង់ បង្កើតវត្តមានយោធាអចិន្រ្តៃយ៍នៅក្នុងតំបន់។ កន្លងមក នាវាកងទ័ពជើងទឹកចិន ធ្លាប់ធ្វើទស្សនកិច្ចជាច្រើនលើកនៅវ៉ានូទូ។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំង ក៏បានផ្តល់មូលនិធិសម្រាប់ការពង្រីកកំពង់ផែមួយផងដែរ នៅទីក្រុង Luganville ដែលពីមុនធ្លាប់បម្រើ ជាមូលដ្ឋានយោធាធំបំផុតរបស់អាមេរិក នៅភាគខាងត្បូងប៉ាស៉ីហ្វិក ជាហេតុនាំឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង នៅឯទីក្រុងកង់បេរ៉ានិងទីក្រុងវ៉ាស៉ីនតោន ថាចិនមានបំណងចង់បង្កើតមូលដ្ឋានទ័ពជើងទឹកនៅទីនោះ។ ប៉ុន្តែចិននិងវ៉ានូទូ ធ្លាប់បានបដិសេធថា ការពង្រីកកំពង់ផែនោះ គឺដើម្បីបម្រើដល់កប៉ាល់ទេសចរណ៍ប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង