អ៉ីរ៉ង់ចាប់ផ្តើមពិធីដង្ហែសពអតីតមេដឹកនាំកំពូល Ali Khamenei នៅរដ្ឋធានីតេហេរ៉ង់
តេហេរ៉ង់៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា ពិធីដង្ហែសពអតីតមេដឹកនាំកំពូល លោក Ali Khamenei បានចាប់ផ្តើមប្រព្រឹត្តទៅនៅរដ្ឋធានីតេហេរ៉ង់ នាថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦។
ការៀបចំពិធីបុណ្យសពលោក Khamenei ត្រូវបានចាប់ផ្តើមជាផ្លូវការ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ដោយសពរបស់លោក ត្រូវបានយកមកតម្កល់នៅព្រះវិហារ Grand Mosalla ក្នុងទីក្រុងតេហេរ៉ង់ សម្រាប់ការគោរពវិញ្ញាណក្ខន្ធប៉ុន្មានថ្ងៃមកនេះ។ ពិធីបុណ្យនេះមានរយៈពេលសរុប៦ថ្ងៃ ដោយនឹងបិទបញ្ចប់ទៅវិញ ជាមួយការបញ្ចុះសពនៅទីក្រុង Mashhad ដែលជាស្រុកកំណើតរបស់លោក Khamenei នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
គួរបញ្ជាក់ថា លោក Khamenei អាយុ៨៦ឆ្នាំ គឺជាមេដឹកនាំកំពូលនៃសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ ចាប់តាំងពីឆ្នាំ១៩៨៩។ រូបលោកត្រូវបានសម្លាប់នៅថ្ងៃដំបូងនៃសង្រ្គាមរបស់អាមេរិក-អ៉ីស្រាអែល ជាមួយប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ក្រោយលោកទទួលមរណភាព កូនប្រុសរបស់លោក គឺលោក Mojtaba Khamenei អាយុ៥៦ឆ្នាំ ត្រូវបានតែងតាំងជា មេដឹកនាំកំពូលថ្មី។ យ៉ាងណាមិញ លោក Mojtaba មិនទាន់បានបង្ហាញវត្តមានជាសាធារណៈម្តងឡើយ ដ្បិតរូបលោកត្រូវគេ រាយការណ៍ថា ក៏បានរងរបួសធ្ងន់ផងដែរ ក្នុងការវាយប្រហារតាមផ្លូវអាកាស ដែលបានសម្លាប់ឪពុករបស់លោក៕
