ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យោធាអាមេរិកបាញ់មីស៊ីលលើកប៉ាល់មួយគ្រឿងដែលព្យាយាមបំបែកការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់

17

វ៉ាស៊ីនតោន៖យោធាអាមេរិកបានឱ្យដឹងថាយន្ដហោះយោធាមួយគ្រឿងរបស់សហរដ្ឋអាមេរិកបានបាញ់មីស៊ីល និងបញ្ឈប់កប៉ាល់មួយគ្រឿងនៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ខណៈកប៉ាល់នេះព្យាយាមបំបែកការបិទខ្ទប់លើកំពង់ផែអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CENTCOM បានឱ្យដឹងថាកប៉ាល់ខាងលើជាកប៉ាល់ដឹកប្រេង តែមិនបានដឹកប្រេង ឬទំនិញអ្វីទេ។ កប៉ាល់នេះដែរមានឈ្មោះ M/T Belma ដោតទង់ជាតិប្រទេស Curacao។ តាម CENTCOM យន្ដហោះយោធាអាមេរិកបញ្ឈប់កប៉ាល់នេះបន្ទាប់ពីបាញ់មីស៊ីល Hellfire ត្រូវចំបំពង់ផ្សែងរបស់កប៉ាល់។ នេះគឺជាលើកដំបូងបំផុតដែលសហរដ្ឋអាមេរិកប្រើកម្លាំងបាយបញ្ឈប់កប៉ាល់ស៊ីវិលមួយគ្រឿង ចាប់តាំងពីបានអនុវត្តការបិទខ្ទប់ឡើងវិញលើកំពង់ផែអ៉ីរ៉ង់កាលពីថ្ងៃអង្គារសប្ដាហ៍នេះមក។ 

CENTCOM ក៏បានឱ្យដឹងដែរថាក្នុងរយៈពេល ២៤ម៉ោងដំបូងនៃការអនុវត្តឡើងវិញការបិទខ្ទប់លើកំពង់ផែអ៉ីរ៉ង់ យោធាអាមេរិកបានបញ្ជាឱ្យកប៉ាល់ដឹកទំនិញ ២គ្រឿងប្ដូរទិសដៅធ្វើដំណើរ។ កងកម្លាំងអាមេរិកធ្លាប់បានបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ម្ដងរួចហើយ ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៨ ខែមិថុនា ដែលអំឡុងពេលនោះយោធាអាមេរិកបានស្ទាក់ឃាត់កប៉ាល់ ៩គ្រឿង និងបញ្ជាឱ្យកប៉ាល់ជាង ១៤០គ្រឿងប្ដូរទិសដៅធ្វើដំណើរ៕

អត្ថបទដែលជាប់ទាក់ទង