ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈរដ្ឋមន្រ្តីពង្រឹងប្រព័ន្ធជ្រើសរើសមន្ត្រីដោយផ្អែកលើគុណាធិបតេយ្យ តម្លាភាព និងសមិទ្ធកម្ម ការបណ្តុះបណ្តាល សមត្ថភាព និងការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ជាពិសេសការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

15

ភ្នំពេញទីស្តីការគណៈរដ្ឋមន្រ្តី នៅល្ងាចថ្ងៃទី២០២៦ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ដោយមានរបៀបវារៈចំនួន៤។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដោយបាន ពិភាក្សា និងសម្រេចរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖

១- សេចក្តីព្រាងរបាយការណ៍ស្តីពីការតាមដាននិងត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

របាយការណ៍នេះ ជារបាយការណ៍តាមដាននិងត្រួតពិនិត្យប្រចាំឆ្នាំលើកដំបូង នៃការអនុវត្តផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលឆ្លុះបញ្ចាំងពីតម្លាភាព គណនេយ្យភាព ការចូលរួម និងកិច្ចសហការល្អពីគ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍ ដោយឈរលើ អភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

សមិទ្ធផលសំខាន់ៗដែលសម្រេចបាន រាជរដ្ឋាភិបាលរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈយ៉ាងរឹងមាំ រួមទាំងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី ដោយប្រកាន់ភ្ជាប់ នូវគោលនយោបាយការបរទេស ឯករាជ្យផ្អែកលើច្បាប់និងភាពឈ្លាសវៃ។ ក្នុងការកែទម្រង់និងពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តកម្មវិធីកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលសង្គម សេដ្ឋកិច្ច សន្តិសុខ បរិស្ថាន និងបច្ចេកវិទ្យា ព្រមទាំងការកើនឡើងនៃតម្រូវការសេវាសាធារណៈប្រកបដោយគុណភាពនិងភាពជឿទុកចិត្តបាន។ ក្នុងនោះ ការកែ ទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលបានធ្វើវិចារណកម្មមុខងារនិងរៀបចំរចនាសម្ព័ន្ធក្រសួង ស្ថាប័នឡើងវិញ និងបានចាប់ផ្តើមដំណើរការជំរឿនមន្ត្រីរាជការជាក់ស្តែង នៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ព្រមទាំងការពង្រឹងប្រព័ន្ធជ្រើសរើសមន្ត្រីដោយផ្អែកលើគុណាធិបតេយ្យ តម្លាភាព និងសមិទ្ធកម្ម ការបណ្តុះបណ្តាល សមត្ថភាព និងការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ជាពិសេសការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ដោយឡែក អភិបាលកិច្ចវិស័យឯកជននិងធុរកិច្ចត្រូវបានពង្រឹង តាមរយៈការធ្វើបច្ចុប្បន្នកម្មច្បាបនិងលិខិតបទដ្ឋានគិយុត្ត ការលើកកម្ពស់តម្លាភាព និងភាពជាដៃគូរដ្ឋនិងឯកជន។

អត្ថបទដែលជាប់ទាក់ទង