ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូម៉ង់ស្នើផែនការថ្មីដែលគ្រាំទ្រដោយប្រទេសអារ៉ាប់ឈូងសមុទ្រដើម្បីបញ្ចប់វិបត្តិនៅច្រកសមុទ្រហ័រមូសឱ្យនាវាបង់ប្រាក់ដោយស្ម័គ្រចិត្ត

52

ឌូបៃ៖ប្រទេសអូម៉ង់ បានដាក់ស្នើផែនការមួយដែលគាំទ្រដោយបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ ទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីគ្រប់គ្រងច្រកសមុទ្រហ័រមូស តាមរយៈការប្រមូលកម្រៃសេវាពីនាវាដោយស្ម័គ្រចិត្ត។ នេះបើតាមការបង្ហើបឱ្យដឹងពីមន្ត្រីការទូតលោកខាងលិច និងមន្ត្រីឈូងសមុទ្រមួយរូប ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។

ផែនការនេះអាចក្លាយជាមូលដ្ឋានគ្រឹះដើម្បីបញ្ចប់ការរាំងស្ទះនាវាចរណ៍ ដែលបណ្តាលមកពីសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ កន្លងមក អ៊ីរ៉ង់តែងតែចង់គ្រប់គ្រងច្រកសមុទ្រនេះរួមគ្នាជាមួយអូម៉ង់ (ដែលគ្រប់គ្រងច្រាំងសមុទ្រម្ខាងទៀត) និងចង់ទារថ្លៃសេវាកាតព្វកិច្ចពីនាវាដែលឆ្លងកាត់។ ចំណែកឯ សហរដ្ឋអាមេរិកចង់ឱ្យមានសេរីភាពនាវាចរណ៍ដោយមិនមានការបង់ប្រាក់ ដូចកាលពីមុនសង្គ្រាម ហើយចាត់ទុកការទារកម្រៃកាតព្វកិច្ចថាជាទង្វើខុសច្បាប់។

យោងតាមសំណើរបស់អូម៉ង់ អ៊ីរ៉ង់នឹងមិនមានសិទ្ធិគ្រប់គ្រងផ្តាច់មុខនោះទេ ហើយការបង់ថ្លៃសេវានឹងត្រូវធ្វើឡើងដោយការស្ម័គ្រចិត្ត។ ប្រព័ន្ធនេះគឺស្រដៀងគ្នាទៅនឹងអ្វីដែលកំពុងអនុវត្តនៅច្រកសមុទ្រម៉ាឡាកា ដែលប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ស្នើសុំការចូលរួមវិភាគទានដោយស្ម័គ្រចិត្តពីនាវា ដើម្បីយកទៅទ្រទ្រង់ប្រតិបត្តិការនាវាចរណ៍ ការការពារបរិស្ថាន និងការសង្គ្រោះជាដើម។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបតែបានផ្អាកយុទ្ធនាការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់កាលពីចុងសប្តាហ៍ ដោយលោកបានបញ្ជាក់ថា កិច្ចចរចាកំពុងដំណើរការទៅមុខយ៉ាងល្អ ប៉ុន្តែក៏បានគំរាមវាយប្រហារវិញផងដែរ ប្រសិនបើមិនទទួលបានលទ្ធផល។ ចំណែកឯខាងភាគីអ៊ីរ៉ង់វិញ មិនទាន់មានការឆ្លើយតបជាផ្លូវការចំពោះសំណើរបស់អូម៉ង់នៅឡើយទេ បន្ទាប់ពីមន្ត្រីអូម៉ង់បានជួបជជែកជាមួយភាគីអ៊ីរ៉ង់នៅទីក្រុងតេហេរ៉ង់ កាលពីចុងសប្តាហ៍រួចមក៕

អត្ថបទដែលជាប់ទាក់ទង