ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់នឹងទទួលបានប្រព័ន្ធមីស៊ីលពាក់លើស្មាផលិតដោយចិននៅប៉ុន្មានសប្ដាហ៍ខាងមុខ

19

Reuters៖ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានរាយការណ៍ថាអ៉ីរ៉ង់ត្រូវបានរំពឹងថានឹងទទួលបានប្រព័ន្ធមីស៊ីលពាក់លើស្មាប្រឆាំងយន្ដហោះផលិតដោយចិន នៅក្នុងការដឹកជញ្ជូនជាលើកដំបូងចំនួន ៤០០គ្រឿងនៅប៉ុន្មានសប្ដាហ៍ខាងមុខ។ 

Reuters ដោយផ្អែកលើប្រភពចំនួន៣ដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងដែលបានដឹងពីកិច្ចព្រមព្រៀងរវាងចិន និងអ៉ីរ៉ង់ បានឱ្យដឹងទៀតថាកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីលពាក់លើស្មាខាងលើមានទំហំទឹកប្រាក់ចន្លោះពី ៦០ ទៅ៧០លានដុល្លារ។ កិច្ចព្រមព្រៀងនេះដែរគឺជាកិច្ចប្រឹងប្រែងមួយរបស់អ៉ីរ៉ង់នៅក្នុងការពង្រឹងប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី ចាប់តាំងពីសង្រ្គាមជាមួយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានផ្ទុះឡើងកាលពីចុងខែកុម្ភៈមក។ 

ប្រភពទាំង៣ បានប្រាប់ Reuters ថាកិច្ចព្រមព្រៀងខាងលើគ្របដណ្ដប់លើការទិញប្រព័ន្ធការពារដែនអាកាសបំពាក់លើស្មា QW-12 និង FN-16 ចន្លោះពី៣០០ ដល់៤០០គ្រឿង។ កិច្ចព្រមព្រៀងនេះទៀតសោតត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Zhongqing Baoshang International Investment ជាក្រុមហ៊ុនមួយមានមូលដ្ឋានក្នុងទីក្រុងហុងកុង និងដើរតួនាទីជាអន្តរការីរវាងភាគីអ៉ីរ៉ង់ និងចិនជាអ្នកផ្គត់ផ្គង់។ 

គួរបញ្ជាក់ថា ក្រសួងការបរទេសអ៉ីរ៉ង់មិនបានឆ្លើយតបអ្វីទេទៅនឹងការស្នើសុំធ្វើអត្ថាធិប្បាយ។ ប៉ុន្តែខាងក្រសួងការបរទេសចិនបានហៅសេចក្ដីរាយការណ៍ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងខាងលើគឺជារឿងមិនពិតគ្មានមូលដ្ឋានអ្វីទាំងអស់។ ក្រសួងបន្ថែមថាចិនតែងតែដើរតួនាទីយ៉ាងជាប់លាប់នៅក្នុងការលើកកម្ពស់សន្តិភាព និងស្វែងរកការបិទបញ្ចប់ជម្លោះ៕

អត្ថបទដែលជាប់ទាក់ទង