ឯកឧត្តម ឃួង ស្រេង ណែនាំអភិបាលខណ្ឌទាំង១៤ត្រូវអនុវត្តវិធានការជំនាញឱ្យកាន់តែសកម្ម ក្នុងការកំណត់មុខសញ្ញាសង្ស័យ ដើម្បីឈានដល់ការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានទាន់ពេលវេលា និងមានប្រសិទ្ធិភាព
ភ្នំពេញ៖នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំតាមដានវឌ្ឍនភាពនៃការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកស្នងការរង តំណាងឯកឧត្តមស្នងការរាជធានីភ្នំពេញ លោក លោកស្រីអភិបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន។
ដូចសព្វមួយដង កិច្ចប្រជុំនេះតែងត្រូវបានរៀបចំឡើងជារឿយៗ ក្នុងគោលបំណងដើម្បីដកស្រង់បទពិសោធន៍ និងលើកយកនូវបញ្ហាប្រឈមក្នុងការចុះអនុវត្តការងារកន្លងមក ពិសេសគឺពិភាក្សារកនូវចំណុចខ្វះខាត សម្រាប់ធ្វើការកែលម្អ ធ្វើយ៉ាងណាឱ្យការចុះធ្វើប្រតិបត្តិការទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
ក្នុងកិច្ចប្រជុំនេះឯកឧត្តមអភិបាលបានដាក់ចេញនូវអនុសាសន៍ដឹកនាំជូនលោក លោកស្រីអភិបាលខណ្ឌទាំង១៤ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុក្រឹត្យលេខ ០៣ ដោយណែនាំឱ្យម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងស្នាក់នៅរួមទាំងអស់ក្នុងមូលដ្ឋានត្រូវចូលរួមសហការផ្តល់ព័ត៌មានជូនអាជ្ញាធរឱ្យបានត្រឹមត្រូវ។ រដ្ឋបាលខណ្ឌត្រូវអនុវត្តវិធានការជំនាញឱ្យកាន់តែសកម្ម ក្នុងការកំណត់មុខសញ្ញាសង្ស័យ ដើម្បីឈានដល់ការបង្រ្កាបបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ហើយត្រូវធ្វើរបាយការណ៍លទ្ធផលអនុវត្តការងារប្រចាំខែមករដ្ឋបាលរាជធានីភ្នំពេញឱ្យបានទៀងទាត់។
ភ្ជាប់ជាមួយនឹងខ្លឹមសារនៃកិច្ចប្រជុំថ្ងៃនេះ ឯកឧត្តមអភិបាល ក៏បានណែនាំដល់លោក លោកស្រីអភិបាលខណ្ឌទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលខណ្ឌ និងយន្តការច្រកចេញចូលតែមួយសង្កាត់ ដើម្បីធ្វើយ៉ាងណាឱ្យស្របតាមសេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ៕
