ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិកតែងតាំងលោក Todd Blanche ជាអគ្គរដ្ឋអាជ្ញាថ្មី

137

វ៉ាស៉ីនតោនអតីតមេធាវីផ្ទាល់ខ្លួនរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក Todd Blanche ត្រូវបានអនុម័តតែងតាំងជាអគ្គរដ្ឋអាជ្ញាអាមេរិក នាថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ មិនខ្វល់នឹងក្តីបារម្ភរបស់គណបក្សប្រជាធិបតេយ្យ ពាក់ព័ន្ធការយកបញ្ហានយោបាយមកលាយឡំជាមួយកិច្ចការរបស់ក្រសួងយុត្តិធម៌។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Blanche ដែលកំពុងបំពេញតួនាទីជាមន្ត្រីអនុវត្តច្បាប់ជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកក្នុងនាមជាអ្នកកាន់តំណែងបណ្ដោះអាសន្ននោះ ធ្លាប់តំណាងឱ្យលោក ត្រាំ ក្នុងនាមជាមេធាវីឯកជននៅក្នុងសំណុំរឿងព្រហ្មទណ្ឌជាច្រើន មុនពេលចូលបម្រើការងាររដ្ឋាភិបាល។

ព្រឹទ្ធសភាអាមេរិក ដែលគណបក្សសាធារណរដ្ឋគ្រប់គ្រងសំឡេងភាគច្រើន បានអនុម័តតែងតាំងលោក Blanche ដោយទទួលបានសំឡេងគាំទ្រ ៥០ ទល់នឹង ៤៩។ សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ លោកស្រី Susan Collins និងលោកស្រី Lisa Murkowski បានចូលរួមជាមួយសមាជិកសភាបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតប្រឆាំង។ គណបក្សប្រជាធិបតេយ្យ បានជំទាស់នឹងបេក្ខភាពលោក Blanche តាំងពីដំបូងមកម្ល៉េះ ដោយចោទប្រកាន់លោក ត្រាំ ថាបានប្រែក្លាយក្រសួងយុត្តិធម៌ទៅជាឧបករណ៍នយោបាយ។

លោក Blanche បាននិយាយថា លោក «មានកិត្តិយសយ៉ាងខ្លាំងចំពោះការជឿទុកចិត្តដែលប្រធានាធិបតី ត្រាំ បានផ្តល់ឱ្យលោកដើម្បីដឹកនាំក្រសួងយុត្តិធម៌»។ លោក Blanche បានបំពេញតួនាទីជាអគ្គរដ្ឋអាជ្ញាស្តីទី តាំងពីពេលដែលលោក ត្រាំ បណ្តេញលោកស្រី Pam Bondi ចេញពីតំណែងកាលពីខែមេសា៕

អត្ថបទដែលជាប់ទាក់ទង