ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវបណ្ឌិត​បញ្ជាក់ថា៖ប័ណ្ណនេះ គឺសម្រាប់គាំពារសុខភាពជួយកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារ និងជួយសម្រួលដល់ការទៅពិនិត្យព្យាបាលជំងឺនានា បង្ហាញអំពីការគិតគូរ យកចិត្តទុកដាក់យ៉ាងដិតដល់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជីវភាព​ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់ 

26

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) និងផ្តល់អំណោយដល់ប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) ចំនួន ១,០៥១គ្រួសារ ស្មើនឹងចំនួន ៤,៦៨៤នាក់ ។ ការចែកប័ណ្ណនៅថ្ងៃនេះ គឺមានចំនួន ៥៥៩ប័ណ្ណ ដោយក្នុងនោះប្រជាពលរដ្ឋចំនួន ២០៤នាក់ ទទួលបានប័ណ្ណថ្មី និងប្រជាពលរដ្ឋចំនួន ៣៥៥នាក់ ទទួលបានការបន្តសុពលភាពប័ណ្ណ។

ថ្លែងប្រសាសន៍ចាប់ផ្តើម លោកជំទាវបណ្ឌិត បានពាំនាំបណ្តាំសួរសុខទុក្ខដោយក្តីនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់លោកតាលោកយាយ អ៊ំពូមីង បងប្អូន កូនៗ ក្មួយៗ ដែលរស់នៅក្នុងអង្គការទាំងមូល។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បានថ្លែងអរគុណ និងកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងអង្គការមូលនិធិកុមារកម្ពុជា ដែលបានសហការគ្នាយ៉ាងសកម្មដើម្បីឧបត្ថម្ភ គាំទ្រ ជួយដល់ប្រជាពលរដ្ឋ កុមារ ក្រុមគ្រួសារដែលកំពុងជួបការលំបាក និងមានតម្រូវការជាប់ជាប្រចាំ។

សម្រាប់ការចែកប័ណ្ណនៅថ្ងៃនេះ លោកជំទាវបណ្ឌិត​ បានបញ្ជាក់ថាប័ណ្ណនេះ គឺសម្រាប់គាំពារសុខភាពដែលជួយកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារ និងជួយសម្រួលដល់ការទៅពិនិត្យព្យាបាលជំងឺនានា ដែលបង្ហាញអំពីការគិតគូរ យកចិត្តទុកដាក់យ៉ាងដិតដល់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជីវភាព​ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់ ដោយឈរលើស្មារតី មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ឡើយ ។ លោកជំទាវបណ្ឌិត បន្ថែមថា ការជួយគ្រួសារមួយគឺមិនមែនជួយតែមនុស្សម្នាក់ប៉ុណ្ណោះទេ គឺជួយដល់សមាជិកក្រុមគ្រួសារ ជួយដល់សហគមន៍ ជាពិសេសគឺរួមចំណែកផ្តល់ឱកាសដល់កុមារឱ្យមានការរីកចម្រើនតទៅមុខ។ លើសពីនេះ ប្រជាពលរដ្ឋដែលមានប័ណ្ណ ម.ស.ស នេះ អាចទៅមន្ទីរពេទ្យរដ្ឋ និងឯកជនចំនួន ១៤៣កន្លែងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងរាប់ពាន់កន្លែងផ្សេងទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីនីតិកាលកន្លងមកក្រោមការដឹកនាំប្រកបទៅដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា បន្តមករហូតដល់នីតិកាលទី៧ ក្រោមការដឹកនាំប្រកបទៅដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយឈរលើគោលការណ៍គាំពារសង្គមចំនួន ៣ គឺ (១)សមធម៌ និងសាមគ្គីធម៌សង្គម (២)សន្តិសុខប្រាក់ចំណាយ និង(៣)សមភាពក្នុងសង្គមជាតិយើង បានរៀបចំបង្កើត និងបន្តលើកកម្ពស់របបសន្តិសុខសង្គមដើម្បីលើកកម្ពស់សុខុមាលភាពសង្គម សុខភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។ ក្នុងនោះផងដែរ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតនូវប័ណ្ណចំនួន ៤ប្រភេទរួមមាន ប័ណ្ណសមាជិក ប.ស.ស – ប័ណ្ណមូលនិធិសមធម៌សុខាភិបាល – ប័ណ្ណសមធម៌ និងប័ណ្ណអាទិភាពទទួលសេវាសុខភាពសាធារណៈ ។

ក្នុងឱកាសនោញឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ គិតត្រឹមឆមាសទី១ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋរស់នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានប្រជាពលរដ្ឋរស់នៅនិងទទួលការឧបត្ថម គាំទ្រពីអង្គការមូលនិធិកុមារកម្ពុជាចំនួន១០៥១គ្រួសារ ស្មើនិង៤៤៦៨៤នាក់ ស្រី១២២៤នាក់ និងមានកុមារចំនួន២០៣៥នាក់។ គិតមកដល់បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញបានសម្របសម្រួលផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនប្រជាពលរដ្ឋដែលរស់នៅក្នុងអង្គការមូលនិធិកុមារកម្ពុជាចំនួន៤លើកស្មើនិងជាង៤០០០ប័ណ្ណ។សព្វថ្ងៃនេះប្រជាពលរដ្ឋដែលទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្ដេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានចំនួន១០៥១គ្រួសារ មានប្រជាពលរដ្ឋចំនួន៥៥៩នាក់ដែលនឹងត្រូវទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាលថ្មី ក្នុងនោះធ្វើថ្មីចំនួន២០៤ប័ណ្ណនិងបន្តសុពលភាពចំនួន៣៥៥ប័ណ្ណ។

  ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា៖ ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាលពីសំណាក់រាជរដ្ឋាភិបាល ទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមានដូចជា៖ សេវាពិគ្រោះជម្ងឺ  សេវាសង្គ្រោះបន្ទាន់ សេវាព្យាបាលជម្ងឺ ថែទាំ សំរាលកូន នៅតាមមន្ទីររដ្ឋនិងមន្ទីរពេទ្យឯកជនដែលជាដៃគូរ។ គិតត្រឹមពេលនេះ ប្រជាពលរដ្ឋដែលមានប័ណ្ណ ប ស ស ដែលទទួលបាន សេវាពិគ្រោះជម្ងឺ  ព្យាបាលជម្ងឺ  មិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនិងមន្ទីរពេទ្យឯកជនដែលជាដៃគូរ ចំនួន១៤៣កន្លែងនៅភូមិសាស្ត្ររាជធានីភ្នំពេញនិងរាប់ពាន់កន្លែងផ្សេងទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង