អ៊ីរ៉ង់ឌឺដងចំអកឱ្យលោកត្រាំជុំវិញការលួចប្តូរយន្តហោះជាសម្ងាត់
ឌូបៃ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានចេញមុខចំអកយ៉ាងចាស់ដៃទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីមានការទម្លាយព័ត៌មានលម្អិតថ្មីៗជុំវិញការផ្លាស់ប្តូរយន្តហោះជាសម្ងាត់របស់លោក អំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសតួកគីយ៉េ ដោយភាគីអ៊ីរ៉ង់អះអាងថា ទង្វើនេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា លោក ត្រាំ កំពុងភ័យខ្លាចអំណាចរបស់សាធារណរដ្ឋឥស្លាមមួយនេះកម្រិតណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកអត្ថាធិប្បាយព័ត៌មាននៅលើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានលើកឡើងថា៖ «រឿងអាស្រូវថ្មីរបស់លោក ត្រាំ បានក្លាយជាប្រធានបទក្តៅគគុកនៅលើប្រព័ន្ធផ្សព្វផ្សាយអាមេរិក។ វាជារឿងអាស្រូវដែលផ្តើមចេញពីការភ័យខ្លាចចំពោះអំណាចយោធារបស់អ៊ីរ៉ង់ ដែលបង្ខំឱ្យលោក ត្រាំ ត្រូវលួចប្តូរយន្តហោះជាសម្ងាត់ពេលត្រឡប់ពីតួកគីយ៉េកាលពីខែមុន»។ ពិធីកររូបនេះបានបន្ថែមថា ព្រឹត្តិការណ៍នេះបានក្លាយជារឿង «គួរឱ្យអាម៉ាស់» បំផុតសម្រាប់លោក ត្រាំ ខណៈដែលរូបភាពលេងសើច (Meme) មួយដែលបង្ហាញពីរូបលោក ត្រាំ កំពុងលាក់ខ្លួននៅក្នុងឡានដឹកម្ហូបអាហារ ក៏ត្រូវបានយកមកចែកចាយយ៉ាងព្រោងព្រាតផងដែរ។
គួរបញ្ជាក់ថា យោងតាមប្រភពដែលដឹងពីបញ្ហានេះ ទីភ្នាក់ងារសម្ងាត់អាមេរិក (Secret Service) បានសម្រេចចិត្តលួចជម្លៀសលោក ត្រាំ ទៅកាន់យន្តហោះរដ្ឋាភិបាលធុនតូចមួយផ្សេងទៀត បន្ទាប់ពីទទួលបានព័ត៌មានគំរាមកំហែងថា យន្តហោះប្រធានាធិបតី Air Force One អាចនឹងត្រូវរងការវាយប្រហារដោយមីស៊ីលបាញ់ចេញពីស្មា។ ការគំរាមកំហែងនេះ បានកើតឡើងនៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោក ត្រាំ ក្នុងកិច្ចប្រជុំកំពូលណាតូ (NATO) នៅទីក្រុងអង់ការ៉ា (Ankara) ចំពេលដែលភាពតានតឹងនៃសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ កំពុងកើនឡើងខ្លាំង។
ទីភ្នាក់ងារសម្ងាត់បានចាត់ទុកការគំរាមកំហែងនេះថាជារឿងពិតប្រាកដ និងអាចកើតឡើងភ្លាមៗ ទើបឈានដល់ការរៀបចំប្រតិបត្តិការពិសេស ដើម្បីលាក់បាំងការធ្វើដំណើររបស់លោក ត្រាំ។ ស្របពេលជាមួយគ្នានេះ សារព័ត៌មាន New York Times ក៏បានរាយការណ៍ផងដែរថា មន្ត្រីអាមេរិកមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង នៅពេលដឹងថាភាគីអ៊ីរ៉ង់បានដឹងច្បាស់ពីទីតាំងស្នាក់នៅរបស់លោក ត្រាំ ក្នុងទីក្រុងអង់ការ៉ា រួមទាំងដឹងច្បាស់ថាលោកស្នាក់នៅជាន់ទីប៉ុន្មាននៃសណ្ឋាគារទៀតផង៕
