ប្រធានាធិបតីហ្វីលីពីនជឿជាក់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយចិនទោះមានបញ្ហាវិវាទទឹកដីនៅសមុទ្រចិនខាងត្បូង
ម៉ានីល៖ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ បានបង្ហាញសុទិដ្ឋិនិយម ទោះបីជាមានជម្លោះតានតឹងជាមួយទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូងក្តី ដោយលោកជឿ ប្រទេសទាំងពីរអាចសហការគ្នាផ្នែកសេដ្ឋកិច្ច ដែលរួមមានទាំងការរុករកថាមពល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងក្នុងព្រឹត្តិការណ៍មួយ ជាមួយក្រុមអ្នកសារព័ត៌មានបរទេសនៅរដ្ឋធានីម៉ានីល លោក Marcos បានលើកឡើងថា មានករណីជាច្រើនដែលប្រទេសទាំងពីរបានសហការគ្នា រួមទាំងការផ្គត់ផ្គង់ថាមពល នាពេលដែលជម្លោះបានផ្ទុះឡើង នៅតំបនមជ្ឈិមបូព៌ាក្នុងឆ្នាំនេះ។
លោកប្រធានាធិបតីហ្វីលីពីន បានបន្តថា «ខ្ញុំមិនគិតថា មានគោលនយោបាយ ឬសេចក្តីថ្លែងការណ៍គោលនយោបាយណាមួយ ដែលបានបង្ហាញថា យើងកំពុងឃ្លាតឆ្ងាយពីប្រទេសចិននោះទេ។ ផ្ទុយទៅវិញយើងបន្តស្វែងរកករណីជាច្រើនផ្សេងទៀត ដែលយើងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយចិន។ ប្រទេសចិន នៅតែជាវិនិយោគិនដ៏ធំបំផុតមួយ ក្នុងប្រទេសហ្វីលីពីន»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងហ្វីលីពីននិងចិន បានតានតឹងអស់រយៈពេលជាច្រើនឆ្នាំ ហើយត្រូវបានធ្វើតេស្តម្តងទៀត នាពេលថ្មីៗនេះ ដោយសារការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ នៅសមុទ្រចិនខាងត្បូង។ ករណីទាំងនោះ រួមមានដូចជាការប៉ះទង្គិចគ្នានៅ ថ្មប៉ប្រះទឹក Second Thomas Shoal ដែលមានជម្លោះ កាលពីខែកក្កដា រវាងសមាជិកឆ្មាំសមុទ្ររបស់ប្រទេសទាំងពីរ ឧប្បត្តិហេតុប្រើកាណុងបាញ់ទឹកនៅជិតថ្មប៉ប្រះទឹកមួយកន្លែងទៀត គឺ Scarborough Shoal ប៉ុន្មានថ្ងៃបន្ទាប់ពីនោះ ហើយនិងការដាក់ទណ្ឌកម្មរបស់ទីក្រុងប៉េកាំង លើរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន៕


