ករណីករណីលិចទូក-ងនៅភូមិកោះប្រាក់បណ្ដាលឱ្យបាត់ខ្លួនក្មេងប្រុស៣នាក់និងហែលទឹករួចខ្លួន៧នាក់, អភិបាលខេត្តកណ្ដាលនិងស្នងការខេត្តចុះពិនិត្យផ្ទាល់ដល់ទីតាំង
កណ្ដាល៖ជនរងគ្រោះចំនួន ១០នាក់បាន នាំគ្នាលើកទូក-ង ខ្នាតអន្ដជាតិ ដែលទើបនឹងធ្វើរួច (មិនទាន់មានឈ្មោះ) យកមកដាក់នៅក្នុងទន្លេមេគង្គ ដើម្បីអុំសាកល្បងលេងកម្សាន្ត តែអកុសលទឹកគួចខ្លាំង បានបណ្តាលឱ្យជួយហេតុការណ៍លិចទូក នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បណ្តាលឱ្យស្លាប់កុមារ ៣នាក់ រីឯ ៧នាក់ទៀត ចេះហែលទឹកឡើងតោងសាឡុងបូមខ្សាច់ បានរួចពីសេចក្ដីស្លាប់។
ក្រោយកើតហេតុភ្លាមៗ ឯកឧត្ដមអភិបាលខេត្តកណ្ដាល លោកស្នងការ អភិបាលស្រុក អធិការស្រុក មេបញ្ជាកងរាជអាវុធហត្ថស្រុក មេឃុំ មេភូមិ ព្រមទាំងមន្ត្រីៗជាច្រើននាក់ ចុះមកពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុផងដែរ ។
ជុំវិញករណីករណីលិចទូក- ង នេះ លោកវរសេនីយឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាក់ឱ្យដឹងថា ករណីនេះបានកើតឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៤:៣០នាទី នៅចំណុច: ភូមិរកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ម្ចាស់ទូកមានឈ្មោះ ហ៊ុន សម្បត្តិ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ មានទីលំនៅបច្ចុប្បន្នភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ទូក-ង ១គ្រឿង ពណ៌ក្រហមលាយខ្មៅ មានទទឹង ០,៨០ម៉ែត្រ បណ្តោយ ១៦ម៉ែត្រ(ទើបតែធ្វើរួច)។
ជនរងគ្រោះ មានចំនួន ១០នាក់ រួមមាន៖
១៖ ឈ្មោះ ឡាង សត្យា ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខត្តកណ្តាល (បាត់ខ្លួន) ។
២៖ ឈ្មោះ សួន ដូណា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខត្តកណ្តាល (បាត់ខ្លួន) ។
៣៖ ឈ្មោះ ហួន ភីនុត ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខត្តកណ្តាល (បាត់ខ្លួន) ។
៤៖ ឈ្មោះ ថន សុខឡេង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (នៅមានជីវិត) ។
៥៖ ឈ្មោះ ហាន បញ្ណា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (នៅមានជីវិត) ។
៦៖ ឈ្មោះ នង ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ មានទីលំនៅបច្ចុប្បន្នភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (នៅមានជីវិត) ។
៧៖ ឈ្មោះ ដុះ វាសនា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខត្តកណ្តាល (នៅមានជីវិត) ។
៨៖ ឈ្មោះ សុខ សត្រា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខត្តកណ្តាល (នៅមានជីវិត) ។
៩៖ ឈ្មោះ គុជ ចាន់ចិត្រា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខត្តកណ្តាល (នៅមានជីវិត) ។
១០៖ ឈ្មោះ ដុះ សាន់ដា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខត្តកណ្តាល (នៅមានជីវិត) ។
តាមការបំភ្លឺម្ចាស់ទូកបានប្រាប់ថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ម៉ោង៨៖០០នាទី ជនរងគ្រោះទាំង ១០នាក់ បានមកសុំម្ចាស់ទូកឲ្យទំលាក់ទូក-ង ដើម្បីអុំសាក តែម្ចាស់ទូកមិនព្រម រហូតមកដល់ម៉ោង ១១៖០០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះទាំង ១០នាក់បាននាំគ្នាមកសុំម្ចាស់ទូកឲ្យទំលាក់ទូក អុំសាក តែម្ចាស់ទូកប្រាប់ថា ចាំថ្ងៃអាទិត្យ ចាំទំលាក់ទូកអុំសាក ជនរងគ្រោះនាំគ្នាត្រឡប់ទៅវិញ ស្រាប់តែម៉ោង ១៣៖០០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះ ១០នាក់ បានមកសុំអង្វរម្ចាស់ទូកម្តងទៀត ឲ្យទំលាក់ទូកងចុះសម ម្ចាស់ក៏យល់ព្រម បន្ទាប់មកនាំគ្នាដឹកទូកមកទំលាក់នៅកំពង់ដកោះប្រាក់។
ពេលទំលាក់ទូករួចជនរងគ្រោះក៏ឡើងលើទូក ដើម្បីអុំសាក ចំណែកម្ចាស់ទូកងបានដើរត្រឡប់ទៅផ្ទះវិញ លុះពេលដើរចេញពីកន្លែងទំលាក់ទូកបានប្រហែល ១០០ម៉ែត្រ ស្រាប់តែឮក្មេងៗស្រែកឲ្យជួយផង ឮដូចនេះម្ចាស់ទូកងក៏រត់មកមើលវិញ ឃើញទូកងនៅជាប់នឹងក្បាលសាឡង់ដឹកខ្សាច់ ដែលចតនៅច្រាំង ចំណែកខ្លះនាំគ្នាហែលទឹកចូលមកច្រាំង ខ្លះទៀតនាំគ្នាហែលទៅតោងខ្សែរពោងសាឡង់ឡើងតាមខ្សែរទៅលើសាឡង់ តែឃើញជនរងគ្រោះតែ ០៧នាក់ទេ ចំណែក ០៣នាក់ទៀតបានបាត់ខ្លួនរកមិនទាន់ឃើញ ក្នុងចំនោម ៣នាក់បាត់ខ្លួន មានកូនម្ចាស់ទូក ០១នាក់បាត់ខ្លួន។
តាមការបំភ្លឺរបស់ជនរងគ្រោះទាំង ០៧នាក់បានប្រាប់ថា នៅក្នុងថ្ងៃកើតហេតុនេះ ពួកខ្លួនទាំង១០នាក់បានទៅសុំអង្វរម្ចាស់ទូកង ដែលទើបនឹងធ្វើរួច(មិនទាន់មានឈ្មោះ) ចំនួន០៣លើក ឲ្យដាក់ទូកអុំសាកនៅក្នុងទន្លេមេគង្គ ទើបម្ចាស់ទូកយល់ព្រម ហើយនាំគ្នាដឹកទូកងមកទំលាក់នៅកំពង់ដរកោះប្រាក់ នៅម៉ោង១៤៖០២នាទី ថ្ងៃខែឆ្នាំដដែល បន្ទាប់មកជនរងគ្រោះទាំង ១០នាក់បាននាំគ្នាឡើងទៅលើទូកងអុំសាក លុះពេលអុំចេញពីច្រាំងទន្លេ ប្រហែល ៣០ម៉ែត្រ (អុំបញ្ច្រាសទឹក) ហួសកំពង់ដរកោះប្រាក់ចំងាយ ៣០០ម៉ែត្រ ស្រាប់តែមានទឹកផុលឡើងធំៗ ធ្វើឲ្យអ្នកអុំទូក មានអារម្មណ៍ភ័យក៏នាំគ្នាឆ្លេឆ្លានៅលើទូក ភ្លាមនោះទូកបានលិច ជនរងគ្រោះ ០៨នាក់ បានលោតចេញពីទូកមុន តែជនរងគ្រោះ០២នាក់ទៀតនៅលើទូក ពេលទូកលិចទើបលោតតាមក្រោយដែរ ពេលនោះទូកលិចទៅកាត់ទទឹងនឹងសាឡង់ដឹកខ្សាច់ ដែលចតនៅក្បែរច្រាំង ភ្លាមៗនោះជនរងគ្រោះ ០៧នាក់ បាននាំគ្នាហែលទឹកឡើងគោក ខ្លះទៀតនាំគ្នាហែលទៅតោងខ្សែរពោងសាឡង់ ឡើងតាមខ្សែរទៅលើសាឡង់ចំណែកជនរងគ្រោះ ០៣នាក់ទៀតបាត់ខ្លួនរកពុំទាន់ឃើញទេ។
បច្ចុប្បន្នគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដស្រុក កំពុងស្វែងរកជួយសង្គ្រោះ ជនរងគ្រោះដែលបាត់ខ្លួនចំនួន០៣នាក់ទៀត៕










