ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកណ្ដាលណែនាំអភិបាលស្រុកកៀនស្វាយ ,ល្វាឯមនិងស្រុកលើកដែកផ្សព្វផ្សាយដល់ប្រជាពលរដ្ឋសហការផ្ដល់ព័ត៌មានបើសិនឃើញសាកសពក្មេងអណ្ដែតទឹកក្នុងហេតុការណ៍លិចទូក-ង

46

កណ្ដាល៖ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ បានណែនាំដល់អភិបាលស្រុកកៀនស្វាយ អភិបាលស្រុកល្វាឯម និងអភិបាលស្រុកលើកដែក ផ្សព្វផ្សាយដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមផ្លូវទឹកសហការផ្ដល់ព័ត៌មាន ករណីប្រទះឃើញសពក្មេងអណ្ដែតទឹក ដែលបាត់ខ្លួនក្នុងហេតុការណ៍លិចទូក-ង នៅភូមិកោះប្រាក់ កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅ។

ក្នុងសារសំឡេងរបស់ឯកឧត្ដម  គួច ចំរើន បានបញ្ជាក់ថា ដោយសារស្ថានភាពទឹកហូរខ្លាំងសាកសពក្មេងអាចអណ្ដែតទៅឆ្ងាយ ដូច្នេះអភិបាលស្រុកកៀនស្វាយ ល្វាឯម និងស្រុកលើកដែក ត្រូវផ្សព្វផ្សាយដល់ពលរដ្ឋសហការផ្ដល់ព័ត៌មាន ប្រសិនបើមានការប្រទះឃើញសាកសពក្មេងអណ្ដែតទឹក។

ឯកឧត្ដមបានបញ្ជាក់ថា ប្រសិនបើប្រទះឃើញ ត្រូវផ្ដល់ព័ត៌មាន ទៅកាន់លោកឡូវ សុខសាន្ដ អភិបាលស្រុកកៀនស្វាយ ឲ្យបានឆាប់ ដើម្បីចាត់ចែងប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

សូមរំលឹកថា ជនរងគ្រោះចំនួន ១០នាក់បាន នាំគ្នាលើកទូក-ង ខ្នាតអន្ដជាតិ ដែលទើបនឹងធ្វើរួច (មិនទាន់មានឈ្មោះ) យកមកដាក់នៅក្នុងទន្លេមេគង្គ ដើម្បីអុំសាកល្បងលេងកម្សាន្ត តែអកុសលទឹកគួចខ្លាំង បានបណ្តាលឱ្យជួយហេតុការណ៍លិចទូក នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បណ្តាលឱ្យស្លាប់កុមារ ៣នាក់ រីឯ ៧នាក់ទៀត ចេះហែលទឹកឡើងតោងសាឡុងបូមខ្សាច់ បានរួចពីសេចក្ដីស្លាប់។

បច្ចុប្បន្នគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដស្រុក កំពុងស្វែងរកជួយសង្គ្រោះ ជនរងគ្រោះដែលបាត់ខ្លួនចំនួន០៣នាក់ទៀត៕

អត្ថបទដែលជាប់ទាក់ទង