គ្រោះថ្នាក់បាក់រលំផ្ទាំងទឹកកកធ្វើឱ្យបាក់រណ្តៅទឹកធំមួយលេីតំបន់រងគ្រោះមហន្តរាយទឹកជំនន់នៅព្រំដែនចិន-នេប៉ាល់បានថយចុះ
កដ្ឋមណ្ឌូ៖អាជ្ញាធរចិន នៅថ្ងៃសៅរ៍ ទី២៩ ខែសីហា បានឱ្យដឹងថាហានិភ័យដែលថារណ្តៅទឹកធំមួយដែលកកេីតក្រោយការបាក់រលំផ្ទាំងទឹកកកបង្កជាទឹកជំនន់នៅព្រំដែនចិន-នេប៉ាល់ បានថយចុះហើយ ដោយសារតែទឹកក្នុងរណ្តៅនោះហាក់ដូចជាថយចុះវិញខ្លះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមទូរទស្សន៍រដ្ឋចិន CCTV ដកស្រង់ប្រភពក្រសួងធនធានទឹក រូបភាពពីផ្កាយរណបចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់ព្រឹកថ្ងៃសៅរ៍នេះ បង្ហាញថាទឹកក្នុងរណ្តៅមួយដែលស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេពីរ និងលាតសន្ធឹងលើព្រំដែនតំបន់ទីបេរបស់ប្រទេសចិន និងប្រទេសនេប៉ាល់នោះ កំពុងហូរចេញយឺតៗនាំឱ្យបរិមាណទឹកថយចុះជាបណ្តើរៗ។ គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ គេអាចមេីលឃេីញបាតរណ្តៅនៅផ្នែកខ្លះ។
គួរបញ្ជាក់ថា នៅថ្ងៃពុធសប្តាហ៍នេះ បាតុភូតរលាយផ្ទាំងទឹកកកពីភ្នំបង្កជាទឹកជំនន់យ៉ាងគំហុគ នាំមកជាមួយនូវថ្ម ទឹកកក ភក់ និងកម្ទេចកម្ទីផ្សេងៗ ហូរតាមប្រព័ន្ធទន្លេក្នុងតំបន់ហិមាល័យ បានបោកបក់កម្ទេចមជ្ឈមណ្ឌលច្រកព្រំដែនដែលតភ្ជាប់តំបន់ទីបេជាមួយប្រទេសនេប៉ាល់ ព្រមទាំងបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់ និងរាប់ពាន់នាក់ទៀតបាត់ខ្លួន។
កាលនោះអ្នកជំនាញ និងអាជ្ញាធរបានព្រមានអំពីហានិភ័យខ្ពស់បំផុតនៃគ្រោះមហន្តរាយបន្តបន្ទាប់នៅជ្រលងភ្នំ ជាពិសេសគឺហានិភ័យបង្កឡើងទឹករណ្តៅមួយកើតចេញពីកម្ទេចកម្ទីទឹកកករលាយ ដែលអាចគំរាមកំហែងដល់ប្រតិបត្តិការជួយសង្គ្រោះនៅតំបន់ផ្នែកខាងក្រោមនៃខ្សែទឹក៕
