រុស្ស៊ីថាអាចវាយប្រហារគោលដៅយោធារបស់ព្រីតថេនដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អ៊ុយក្រែនដែលប្រើមីស៉ីលរបស់ទីក្រុងឡុងដ៍
មូស្គូ៖អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ថា រុស្ស៊ីអាចវាយប្រហារគោលដៅយោធារបស់ព្រីតថេន (ចក្រភពអង់គ្លេស) ទាំងនៅក្នុងនិងនៅក្រៅប្រទេសអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អ៊ុយក្រែនលើប្រទេសរុស្ស៊ី ដែលបានប្រើប្រាស់មីស៊ីលរបស់ទីក្រុងឡុងដ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោកស្រី Zakharova បានអំពាវនាវឱ្យចក្រភពអង់គ្លេស ដកថយនូវអ្វីដែលលោកស្រីហៅថា ជំហរអរិភាពរបស់ទីក្រុងឡុងដ៍ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ដោយលោកស្រីបានព្រមានថា គោលជំហរនេះអាចធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរ និងឈានទៅដល់កម្រិតថ្មីមួយទាំងស្រុង។ ក្នុងសន្និសីទសារព័ត៌មានដដែលនៅទីក្រុងមូស្គូ លោកស្រី Zakharova បាននិយាយថា ព្រីតថេននិងបារាំងកំពុងប្រឡែងលេងជាមួយភ្លើង តាមរយៈការផ្គត់ផ្គង់បច្ចេកវិទ្យាមីស៊ីលដ៏សំខាន់ឱ្យទៅអ៊ុយក្រែន។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ព្រីតថេនបានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យទីក្រុងកៀវ ទទួលបានបច្ចេកវិទ្យាសម្ងាត់ ដើម្បីចាប់ផ្តើមផលិតដោយខ្លួនឯង នូវមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយ Storm Shadow ដែលអាចវាយប្រហារគោលដៅនៅជ្រៅក្នុងទឹកដីរុស្ស៊ី។ កន្លងមក បារាំងបានយល់ព្រមរួចស្រេចហើយ ក្នុងការផ្តល់អាជ្ញាបណ្ណបច្ចេកវិទ្យា សម្រាប់ផលិតមីស៊ីលអឺរ៉ុបមួយនេះ៕

