ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកត្រាំមានគម្រោងរៀបចំពិធីលៀងសាយភោជនផ្លូវរដ្ឋជូនលោកស៊ីជីនពីងអំឡុងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក

18

វ៉ាស៊ីនតោនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថាសហរដ្ឋអាមេរិកនឹងរៀបចំពិធីលៀងសាយភោជនផ្លូវរដ្ឋ ជាការទទួលស្វាគមន៍លោកប្រធានាធិបតី ស៊ី ជីនពីង នៅពេលមេដឹកនាំចិនធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនក្នុងខែកញ្ញានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ 

លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ថារូបលោកនឹងរៀបចំពិធីលៀងសាយភោជនផ្លូវរដ្ឋនៅថ្ងៃទី២៤ ខែកញ្ញា ខណៈរូបលោកនិយាយសម្រាលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញទំនាក់់ទំនងរបស់ប៉េកាំងជាមួយអ៉ីរ៉ង់។ «យើងនឹងរៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ដោយបន្ថែមថារូបលោកមានទំនាក់ទំនងយ៉ាងល្អជាមួយលោក ស៊ី ជីនពីង។ 

គម្រោងនៃដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយទៀតនៅក្នុងទំនាក់ទំនងម្ដងត្រជាក់ ម្ដងក្ដៅរវាងប៉េកាំង និងវ៉ាស៊ីនតោន ដែលធ្លាប់បានធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយគ្នាក្នុងឆ្នាំ២០២៥ នៅមុនឈានដល់កិច្ចព្រមព្រៀងមួយ និងដំណើរទស្សនកិច្ចរបស់លោក ត្រាំ នៅប៉េកាំង កាលពីខែឧសភា ឆ្នាំ២០២៦។ 

គួរបញ្ជាក់ថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់អ៉ីរ៉ង់ ជាពិសេសការទិញប្រេងពីតេហេរ៉ង់ ហើយប៉េកាំងក៏បានបង្ហាញជំហរប្រឆាំងជំទាស់ផងដែរទៅនឹងការអំពាវនាវរបស់ លោក ត្រាំ ឱ្យផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៉ីរ៉ង់។ ជុំវិញបញ្ហាអ៉ីរ៉ង់ផងដែរ លោក ត្រាំ បាននិយាយថាសូមកុំទាញបញ្ហាអ៉ីរ៉ង់ទៅពាក់ព័ន្ធនឹងលោកប្រធានាធិបតី ស៊ី ជីនពីង៕

អត្ថបទដែលជាប់ទាក់ទង