ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​អន្តោប្រវេសន៍​ នឹងអនុវត្តដីកាចាប់ខ្លួន​ ទណ្ឌិត​ សម​ រង្ស៊ី​ នៅពេលត្រឡប់ចូប្រទេសវិញ​

95

បាត់ដំបង៖ លោកសន្តិបណ្ឌិត​ សុខ​ ផល​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ បានប្រកាស​ថា​ នគរបាល​អន្តោប្រវេសន៍​តាមច្រកទ្វារព្រំដែនទាំងអស់​បានត្រៀមរួចរាល់ហើយ ដើម្បីចាប់ខ្លួន​ ទណ្ឌិត​ សម​ រង្ស៊ី​ តាមដីកាតុលាការ​ នៅពេលចូលក្នុងទឹកដីកម្ពុជាវិញ​ ។ នេះបើតាមការផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI កាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០១៩ ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្ថែមថា មានប្រសាសន៍ក្នុងពិធីជួបជុំជាមួយនឹង​ មន្ត្រី​នាយនគរបាល​ និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ នៅខេត្តបាត់ដំបង​ នាព្រឹកថ្ងៃទី២៧​ ខែមករា​ ឆ្នាំ២០១៩​ ។ លោក​ សន្តិបណ្ឌិត​ សុខ​ ផល​ បញ្ជាក់​ប្រាប់​ដល់​មន្ត្រី​នគរបាល​ទាំងអស់ ជាអ្នកអនុវត្តច្បាប់​ នឹងជាតួនាទី របស់កងកម្លាំង ដែលត្រូវទទួលបញ្ជា និងអនុវត្តតាមដីកាតុលាការ​ ។

គួរបញ្ជាក់ថាលោក​ សម​ រង្ស៊ី​ ត្រូវបានសាលាដំបូងរាធានីភ្នំពេញ​ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន នៅថ្ងៃទី៩​ ខែធ្នូ​ ឆ្នាំ២០១៥​ ចោទប្រកាន់ពីបទ​ សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ​ ប្រើប្រាស់ឯកសារសាធារណៈក្លែង​ និងញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ​ ដល់សន្តិសុខសង្គម​ ៕

អត្ថបទដែលជាប់ទាក់ទង