រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការចាំបាច់១ចំនួនតាមផ្លូវច្បាប់ទៅលើម៉ូតូកង់បី ក្រោយពីផ្ទុះបញ្ហាមិនប្រក្រតីជាច្រើនទៅលើភ្ញៀងនិងអ្នកដំណើរ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញកាលពី រសៀលថ្ងៃទី២២កុម្ភះនេះ បានកោះអញ្ជើញវិស័យ ឯកជនក្រុមហ៊ុនប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរតាមម៉ូតូកង់៣សព្វថ្ងៃក្នុងរាជធានីភ្នំពេញរួមជាមួយមន្ត្រីជំនាញពាក់ពន្ធ័ដើម្បីជជែកគ្នាស្វែងរកវិធានការ ជាក់លាក់មួយក្នុងការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនអ្នកដំណើរតាមម៉ូតូកង់៣ ក្រោយពីកើតមានបញ្ហាប្រឈមជាច្រើននាពេលថ្មីៗនេះដែលប៉ះពាល់ដល់សន្តិ សុខសណ្តាប់ធ្នាប់ក្នុងទីក្រុងភ្នំពេញ។
មានក្រុមហ៊ុនចំនួន៣កំពុងរកស៊ីតាមរយះមធ្យោបាយធ្វើដំណើរដោយម៉ូតូកង់៣ក្នុងរាជធានីភ្នំពេញសព្វថ្ងៃគឺក្រុមហ៊ុនPassApp.Grab និងក្រុមហ៊ុនWe go។
លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា ប៉ុន្មានថ្ងៃ មកនេះ បានកើតមានបញ្ហាប្រឈមមួយចំនួនដែលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ ពិសេសកើតមានបាតុភាពអ្នករត់ម៉ូតូកង់៣បៀតបៀនរាងកាយអ្នកដំណើរថែមទៀត និងបញ្ហាសន្តិសុខផ្ទាល់ខ្លួនរបស់អ្នកដំណើរជាដើម។
លោកបន្តថា ការគ្រប់គ្រងម៉ូតូកង់៣នេះមិនអាចព្រលែងបានទេព្រោះវាប៉ះពាល់ដល់សន្តិសុខសាធារណៈ។
មន្ត្រីជំនាញបញ្ជាក់ថា ចាប់ពីឥឡូវនេះទៅបងប្អូនអ្នកប្រកបរបររត់ម៉ូតូកង់៣ដែលមានសរុប២៤.៤២៩គ្រឿងដែលកំពុងប្រកបរបរដឹកជញ្ជូន អ្នកដំណើរសព្វថ្ងៃនៅរាជធានីភ្នំពេញទាំងក្រុមហ៊ុន ឬសមាគមតម្រូវអោយអ្នករត់ម៉ូតូកង់៣ទាំងអស់ត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាល។ម៉ូតូកង់៣ទាំងអស់ត្រូវតែមានបិទរូបថត,មានអត្តសញ្ញាណបណ្ណ័,លេខទូរសព្ទ័ក្រុមហ៊ុន,មានបណ្ណ័បើកបរ បិទនៅជញ្ជាំងម៉ូតូចំពីមុខអ្នកជិះ និងត្រូវមានការចុះបញ្ជីត្រឹមត្រូវ និងមិនអោយមានម៉ូតូកង់៣រត់លើផ្លូវដោយគ្មានស្លាកលេខនោះឡើយ។
ជាមួយគ្នានេះគេសង្កេតឃើញថា ចំពោះម៉ូតូកង់៣រត់តាមរយះសមាគមឬក្រុមហ៊ុនមិនមានបញ្ហាអីទេ។តែសំរាប់ម៉ូតូដែលជួលពីក្រុមហ៊ុន ឬម៉ូតូកង់៣ឯកជនច្រើនមានបញ្ហានិងមានរឿងច្រើនប៉ះពាល់ដល់អ្នកជិះ។
គួបញ្ជាក់ថា កាលពីឆ្នាំ២០១៧រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសឲ្យអ្នករត់ម៉ូតូកង់៣ទៅធ្វើស្លាកលេខដោយមិនយកប្រាក់ តែពេលនេះលែងមានការអនុគ្រោះទៀតហើយព្រោះការអប់រំក៏យូល្មមហើយដែររួមទាំងវិធានការដកហូតវិទ្យុទាក់ទងពីអ្នករត់ម៉ូតូកង់៣ដែលប្រើប្រាស់បែបអនាធិបតេយ្យ មិនមែនជាសមត្ថកិច្ចដែលត្រូវប្រើប្រាស់៕