ប្រកាសលើកទី២ តាមរកចាប់ខ្លួនជនល្មើស ដែលធ្វើសកម្មភាពប្លន់ ធាក់យកម៉ូតូយ៉ាងសកម្មនៅក្នុងមូលដ្ឋានស្រុកមេមត់ ដោយសុំការសហការពីប្រជាពលរដ្ឋ
ភ្នំពេញ៖ អធិការដ្ឋាននគរបាលស្រុកមេមត់ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២៣ កុម្ភៈ ២០១៩ នេះ លោកអធិការនគរបាលស្រុកមេមត់ សុំប្រកាសតាមចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉យ គឹមហន ភេទប្រុស អាយុ ២១ ឆ្នាំ ជាតិខ្មែរ មានលំនៅឋានភូមិព្រះពន្លា ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រវត្តិនៃការផ្តន្ទាទោស ដោយតុលាការ ធ្លាប់ជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ នៅខេត្តកំពង់ចាម ដោយប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោស (ប្លន់) ត្រូវបានដោះលែង ឲ្យមករស់នៅទីកន្លែងកំណើតរបស់ខ្លួន ដើម្បីធ្វើជាពលរដ្ឋធម្មតា ប៉ុន្តែជននោះ មិនបានបញ្ឈប់ការប្រព្រឹត្តបទល្មើសនានា ដែលខុសនឹងច្បាប់ឡើយ ។
ការប្រកាសតាមរកចាប់ខ្លួននេះ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៦២ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ របស់លោក ផុន វណ្ណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បានបើកការស៊ើបសួរ និងដាក់ឲ្យពិនិត្យលើឈ្មោះ យ៉យ គឹមហន ភេទប្រុស ពីបទ លួចមានស្ថានទម្ងន់ទោស (ប្លន់) ប្រព្រឹត្តនៅភូមិដក់ពរ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងបញ្ញត្តិផ្តន្ទាទោស តាមមាត្រា ៣៥៣ មាត្រា៣៥៧ នៃក្រមព្រហ្មទ័ណ្ឌ ។
សូមបញ្ជាក់ជូនថា ៖ ចំពោះសាធារណជនរូបណាមួយ ដែលបានឃើញជនសង្ស័យ មានភិនភាគដូចក្នុងរូប និងបានដឹងពីកន្លែងលាក់ខ្លួន ជនខាងក្រោមនេះ សូមជួយរាយការណ៍ មកកាន់កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកមេមត់យើងខ្ញុំ ដើម្បីមានវិធានការចាប់ខ្លួន ជនខាងលើនេះ មកផ្តន្ទាទោសតាមនីតិវិធី ។ លោកអធិការនគរបាលស្រុកមេមត់ បានបញ្ជាក់ថា យើងខ្ញុំ នឹងមានជូនរង្វាន់លើកទឹកចិត្ត ជាទីគាប់ចិត្ត ដល់សាធារណជនណា ដែលសហការជាមួយ សមត្ថកិច្ចយើង ដើម្បីធ្វើការចាប់ខ្លួនជននោះ និងរក្សាការសម្ងាត់ ជូនបងប្អូនជានិច្ច តាមរយៈលេខទូរស័ព្ទ ៖ 097 77 80 047 , 077 77 09 77 “៕